សូមប្រុងប្រយ័ត្នល្បិចបន្លំថ្មី! ជនខិលខូចប្រើរូបភាព AI បង្កើតរឿងអាណិត ដើម្បីបោកប្រាក់សប្បុរសតាមបណ្តាញសង្គម

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រកាសជូនដំណឹងដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះល្បិចឆបោកថ្មីៗ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតរូបភាពកុមារកំព្រា និងជនពិការ ដ៏គួរឱ្យអាណិត ដែលត្រូវការជំនួយសង្គ្រោះបន្ទាន់។ថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ពីជនខិលខូច ក្នុងគោលដៅឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។

ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ ជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួសសប្បុរសទៅឱ្យពួកគេ។

ក្នុងន័យនេះ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងចូលរួមប្រើប្រាស់វិធីសាស្រ្តមួយចំនួន ដូចខាងក្រោម៖

1. កុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម

2. កុំចុចតំណភ្ជាប់នានា ដែលគ្មានប្រភពច្បាស់លាស់

3. សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ដែលនៅជិតលោកអ្នកបំផុត

4. សូមកុំចែករំលែកបន្ត ( Share ) នៅលើគណនីបណ្តាញសង្គមរបស់លោកអ្នក

5. សូមចូលរួមរាយការណ៍ទៅកាន់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម (Report) ដូចជា Facebook, Telegram, TikTok សម្រាប់ករណីក្លែងក្លាយខាងលើ។