សូមចូលរួមលុបបំបាត់ ជម្រកមូសខ្លា ប្រមាណ១៥០ម៉ែត្រជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ ការចម្លងជំងឺគ្រុនឈាម
រដ្ឋបាលរាជធានីភ្នំពេញសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លាប្រមាណ១៥០ម៉ែត្រជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ លោកស្រីដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានអោយដឹងថា៖ ប៉ុន្មានថ្ងៃនេះ មានការលើកឡើងអំពីបញ្ហាកំណើន មូសក្នុងសហគមន៍ ក្នុងនាមរដ្ឋបាលរាជធានី លោកស្រីសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ទោះបីជាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំ និងផ្សព្វផ្សាយជាសាធារណៈជូនបងប្អូនពិតមែន ប៉ុន្តែឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ និងមន្ទីរជំនាញ មិនដែលធ្វេសប្រហែសលើបញ្ហាការពារ សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ។
លោកស្រី ដោ សម្ផស្ស បន្តថា៖ ត្បិតយើងមិនបានផ្សព្វផ្សាយទូលំទូលាយយ៉ាងណាក្តី ប៉ុន្តែក្រុមការងាររបស់រដ្ឋបាលខណ្ឌទាំង១៤ និង មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងមមាញឹកចុះធ្វើសកម្មភាពបាញ់ថ្នាំ មូសជាប់ជាប្រចាំនៅតាមភូមិ សហគមន៍ សាលារៀនមន្ទីរពេទ្យវត្តអារាម និងតំបន់នានាក្នុង មូលដ្ឋាន ជារៀងល្ងាច។ យើងនឹងបន្តចុះបាញ់ថ្នាំមូសនៅតាមមូលដ្ឋាន ជាបន្តបន្ទាប់ទូទាំង រាជធានីភ្នំពេញទាំងមូល ។ សុខុមាលភាពរបស់ប្រជាជន ការងារសណ្តាប់ធ្នាប់ ការងារបង្ក្រាបបទល្មើសផ្សេងៗ ការងារការពារ សន្តិសុខសាធារណៈ និងកិច្ចការស្នូលជាច្រើនទៀតផ្សេង ៗ គឺជាភារកិច្ចប្រចាំថ្ងៃរបស់អាជ្ញាធរមូលដ្ឋានដោយ មិនគិតថ្ងៃយប់ឡើយ ។
គ្មានជម្រកមូសខ្លាគ្មានការចម្លងជំងឺគ្រុនឈាម កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍៕



