សុខាភិបាលកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) បញ្ជាក់ពីជំហរបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូក្នុងវិស័យសុខាភិបាល។
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council – US-ABC) ដឹកនាំដោយ ឯកឧត្តម Brian McFeeters ប្រធានគណៈប្រតិភូ និងជាប្រធាននាយកប្រតិបត្តិ (President & CEO) នៃ US-ABC អមដំណើរដោយ លោកស្រី Aleks Zittle ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនឯកជនអាមេរិកសំខាន់ៗជាច្រើន នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាមេរិក និងវិស័យឯកជនអាមេរិក ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទិសដៅអាទិភាពរបស់ក្រសួងក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥–២០៣៤ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹងប្រព័ន្ធសុខាភិបាលឱ្យមានភាពធន់ ការលើកកម្ពស់គុណភាពសេវា ការអភិវឌ្ឍធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។
ជាការឆ្លើយតប គណៈប្រតិភូ US-ASEAN Business Council បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមរយៈការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការលើកកម្ពស់នវានុវត្តន៍ក្នុងវិស័យថែទាំសុខភាព។
ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើប្រធានបទអាទិភាពមួយចំនួន រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងវិស័យឯកជន, ការលើកកម្ពស់អាហារូបត្ថម្ភ និងការអនុវត្ត Nutrition Care Process (NCP) ការបង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាមតាមរយៈបច្ចេកវិទ្យាថ្មីៗ ការលើកកម្ពស់ផលិតផលដែលមានជាតិស្ករទាប និងការអប់រំសុខភាពដើម្បីបង្ការជំងឺមិនឆ្លង (NCDs) ការពង្រឹងការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីក ព្រមទាំងការលើកកម្ពស់គោលនយោបាយសុខភាពសាធារណៈពាក់ព័ន្ធនឹងការកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងស្រវឹង។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាលរីករាយស្វាគមន៍រាល់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដែលផ្អែកលើគោលការណ៍តម្លាភាព និរន្តរភាព ភស្តុតាងវិទ្យាសាស្ត្រ និងផលប្រយោជន៍សុខភាពសាធារណៈជាធំ។ ក្រសួងនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើតប្រព័ន្ធសុខាភិបាលមួយកាន់តែរឹងមាំ មានភាពធន់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។






