សុខភាពតែមួយនៅកម្ពុជាផ្តោតសំខាន់ទៅលើករណីជំងឺឆ្លងពីសត្វ ជំងឺភាពស៊ាំនឹងថ្នាំ ប្រឆាំងមេរោគ និងសុវត្ថិភាពចំណីអាហារ

ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០១៩ ដែលបណ្តាលឱ្យមនុស្សរាប់សិបម៉ឺននាក់បានស្លាប់ និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោកអស់រយៈប៉ុន្មានឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រទេសជាច្រើនក៏ដូចជាពិភពលោកទាងមូលមានការចាប់អារម្មណ៍ឡើងវិញចំពោះវិធីសាស្ត្រសុខភាពតែមួយដែលបានចាប់ផ្តើមមកជាច្រើនឆ្នាំមកហើយ។ សុខភាពតែមួយ គឺទាក់ទងនឹងសុខភាពរបស់ មនុស្ស បរិស្ថាន និងសត្វ ដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិ ហើយបើយោងតាមនិយមន័យអន្តរជាតិ សុខភាពតែមួយ (One Health) គឺជាវិធីសាស្ត្រសហការពហុវិស័យ និងអន្តរវិន័យនៅ កម្រិតមូលដ្ឋាន ថ្នាក់តំបន់ ថ្នាក់ជាតិ និងសកលលោក ជាមួយនឹងគោលដៅនៃការសម្រេចបាន នូវលទ្ធផលសុខភាពមួយដ៏ល្អប្រសើររបស់សត្វ រុក្ខជាតិ និងបរិស្ថាន ដែលទទួលស្គាល់នូវទំនាក់ទំនងអន្តរកម្មរវាងមនុស្ស

​សុខភាពតែមួយរួមបញ្ចូលនូវជំងឺឆ្លងពីសត្វ ភាពស៊ាំនឹងថ្នាំផ្សះ សុវត្ថិភាព និងសន្តិសុខ ស្បៀងអាហារ សុខភាពបរិស្ថាន ជំងឺរ៉ាំរៃ និងសុខភាពផ្លូវចិត្តជាដើម។ ដោយឡែក បញ្ហាសុខភាពតែមួយនៅក្នុងប្រទេសកម្ពុជា បានផ្តោតសំខាន់ទៅលើកត្តាសំខាន់៣រួមមានកត្តាជំងឺឆ្លងពី សត្វ ដែលផ្តោតទៅលើជំងឺឆ្កែឆ្កួត និងជំងឺគ្រុនផ្តាសាយបក្សី (H5N1) កត្តាជំងឺមេរោគស៊ាំនឹងថ្នាំ ប្រឆាំងមេរោគ (ថ្នាំផ្សះ) និងកត្តាសុវត្ថិភាពចំណីអាហារ។

​បញ្ហាសុខភាពតែមួយនៅក្នុងប្រទេសកម្ពុជាក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែរ ដូចជាការកើនឡើងនៃជំងឺឆ្លង និងការលេចចេញនូវករណីជំងឺឆ្លងពីសត្វ ការកើនឡើងនៃជំងឺមិនឆ្លង ការកើនឡើងនៃការប្រែប្រួលអាកាសធាតុ និងបញ្ហាសុខភាពបរិស្ថាន និងការកើនឡើងនៃបញ្ហាជំងឺភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ និងសុវត្ថិភាពចំណីអាហារ។ ដូច្នេះដើម្បីឆ្លើយតបក៏ដូចជាដោះស្រាយបញ្ហាសុខភាពតែមួយនៅក្នុងប្រទេសកម្ពុជា គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងសម្រាប់សុខភាពតែមួយត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០២៣ ដើម្បីដឹកនាំកិច្ចការងារពាក់ព័ន្ធនឹងបញ្ហាសុខភាពតែមួយគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងមានគណៈកម្មាធិការការបច្ចេកទេសសុខភាពតែមួយតាមវិស័យជាសេនាធិការ និងមានក្រុមការងារបច្ចេកទេសចំនួន៤ផ្សេងទៀត គឺក្រុម ការងារបច្ចេកទេសជំងឺឆ្លងពីសត្វ ក្រុមការងារបច្ចេកទេសជំងឺមេរោគស៊ាំនឹងថ្នាំប្រឆាំងមេរោគ ក្រុមការងារបច្ចេកទេសសុវត្ថិភាពស្បៀងអាហារ និងក្រុមការងារបច្ចេកទេសបណ្តាញតាមដាន សុខភាពសត្វព្រៃ។

ក្នុងរយៈពេល២០ឆ្នាំ ពីឆ្នាំ២០០៣ ដល់ខែកុម្ភៈឆ្នាំ២០២៣ ជំងឺគ្រុនផ្តាសាយបក្សីដែលជាជំងឺឆ្លងពីសត្តទៅមនុស្ស ត្រូវបានរាយការណ៍ថាមានចំនួន ៨៧៣ករណនៅទូទាំងសកលលោក ដែលក្នុងនោះមានស្លាប់៤៥៨ករណីនេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO)។ ដោយឡែកគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាមានករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីចំនួន ៦៧ករណី ដែលក្នុងនោះមានស្លាប់៤២ករណីចំពោះករណីជំងឺឆ្កែឆ្កួតវិញ យោងតាមរបាយការណ៍កិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេសបានឱ្យដឹងថា កម្ពុជាមានករណីជំងឺឆ្កែឆ្កួតប្រមាណ ៥០ករណីក្នុងមួយឆ្នាំ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិសម្រាប់ដោះស្រាយជំងឺឆ្លងពីសត្វ គោលការណ៍ណែនាំស្តីពីការ កំណត់អាទិភាពចំពោះជំងឺឆ្លងពីសត្វ យុទ្ធសាស្ត្រជាតិសម្រាប់ការលុបបំបាត់ជំងឺឆ្កែឆ្កួតត្រឹមឆ្នាំ២០៣០ គោលការណ៍ណែនាំស្តីពីការត្រួតពិនិត្យ និងការបង្ការជំងឺឆ្កែឆ្កួត និងនីតិវិធីប្រតិបត្តិការ ស្តង់ដារស៊ើបអង្កេតការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី។

​តាមរយៈកិច្ចសហការក្នុងចំណោមទីភ្នាក់ងាររដ្ឋាភិបាល វិទ្យាស្ថាន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ កម្ពុជាសម្រេចបាននូវសមិទ្ធផលមួយចំនួន ដូចជាការរៀបចំទិវាប្រយុទ្ធប្រឆាំងជំងឺឆ្កែឆ្កួត ពិភពលោកជារៀងរាល់ឆ្នាំ ការរៀបចំវេទិកាផ្សព្វផ្សាយតាមសាលា និងសហគមន៍អំពីជំងឺគ្រុនផ្តា សាយបក្សី និងជំងឺឆ្កែឆ្កួត ការផលិត និងផ្សព្វផ្សាយសម្ភារៈចំណេះដឹងអំពីជំងឺឆ្កែឆ្កួត អនុវត្តគម្រោងសាកល្បងចាក់វ៉ាក់សាំងឆ្កែឆ្កួតនៅភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង យុទ្ធនាការចាក់វ៉ាក់សាំងឆ្កែឆ្កួតនៅក្នុងខេត្តកោះកុង ព្រៃវែង ព្រះសីហនុ និងសៀមរាប យុទ្ធនាការចាក់វ៉ាក់សាំងទៅលើសត្វឆ្កែទាំងអស់នៅក្នុងខេត្តបាត់ដំបង ការរៀបចំវគ្គបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងនៅតាមសាលាបឋមសិក្សា គ្លីនិក និងក្នុងចំណោមអ្នកធ្វើការងារផ្នែកសុខភាព ព្រមទាំងសកម្មភាពផ្សេងៗទៀតដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី។

ចំពោះកត្តាជំងឺភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំ ដោយមានផែនការសកម្មភាពអន្តរវិស័យស្តីពីការភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២៣ និងមួយទៀតសម្រាប់ឆ្នាំ ២០២៤-២០២៨ ដែលមានសកម្មភាពការងារមួយចំនួន ដូចជាអភិបាលកិច្ច និងការសម្រប សម្រួលដើម្បីកាត់បន្ថយជំងឺភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ ការបង្កើតភស្តុតាង ស្តីពីជំងឺភាពស៊ាំ នឹងថ្នាំប្រឆាំងមេរោគតាមរយៈការឃ្លាំមើល ការស្រាវជ្រាវ និងការពង្រឹងសមត្ថភាពមន្ទីរ ពិសោធន៍ ការប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគដោយសមហេតុផល ទប់ទល់នឹងករណីជំងឺភាព ស៊ាំនឹងថ្នាំប្រឆាំងមេរោគតាមរយៈការអនុវត្តល្អៗពីមុន និងការបង្ការ និងគ្រប់គ្រងជំងឺភាពស៊ាំ ប្រឆាំងនឹងមេរោគតាមរយៈទំនាក់ទំនងហានិភ័យ និងការចូលរួមរបស់សហគមន៍។

​ទាក់ទងនឹងសុវត្ថិភាពចំណីអាហារ រដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ស្តីពីសុវត្ថិភាពចំណី អាហារ និងប្រតិបត្តិការស្តង់ដារឆ្លើយតប និងស៊ើបអង្កេត ទៅលើករណីស្តីពីការប្រមូលសំណាក ចំណីអាហារ និងបរិស្ថានទាក់ទងនឹងការផ្ទុះឡើងនៃជំងឺឆ្លង។ ក្រៅពីនេះ រដ្ឋាភិបាលបានដាក់ចេញនូវប្រកាសអន្តរក្រសួង ស្តីពីការរៀបចំសម្របសម្រួលស្ថាប័នកិច្ចនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលខុសត្រូវពាក់ព័ន្ធនឹងចំណីអាហារ និងធុរកិច្ចចំណីអាហារ ចាប់ពីផលិតកម្មដំបូងរហូតដល់ការកែច្នៃបឋម, ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ទទួលខុសត្រូវពាក់ព័ន្ធនឹងចំណីអាហារ និងធុរកិច្ចចំណីអាហារដំណាក់កាលកែច្នៃដោយរោងចក្រ និងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម ទទួលខុសត្រូវនូវកម្មវិធីត្រួតពិនិត្យធុរកិច្ចពាណិជ្ជកម្ម, ក្រសួងទេសចរណ៍ទទួលខុសត្រូវពាក់ព័ន្ធនឹងធុរកិច្ចចំណីអាហារនៅតាមភោជនីយដ្ឋានទេសចរណ៍, ក្រសួងសុខាភិបាលទទួលខុសត្រូវដឹកនាំសម្រប សម្រួលជំរុញអនុវត្តឱ្យមានប្រសិទ្ធភាពនូវភារកិច្ចពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារនៅកន្លែង ប្រើប្រាស់ចុងក្រោ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលខុសត្រូវក្នុងការដឹកនាំសម្របសម្រួលដំរុញអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅមាត់ច្រកអន្តរជាតិ។

​គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងបញ្ហាសុវត្ថិភាពចំណីអាហារនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវសេចក្តីណែនាំចំពោះការហាមឃាត់ចំណីអាហារមួយចំនួននៅក្នុង គ្រឹះស្ថានសិក្សា ចំពោះរាល់ទំនិញផុតកំណត់កាលបរិច្ឆេទ គ្រឿងស្រវឹង និងផលិតផលថ្នាំដក់ គ្រប់ប្រភេទ ចំណីអាហារដែលមានប្រភពមិនច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម និងទឹកស៊ីរ៉ូគ្រប់ប្រភេទ សូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និងផលិតផលចំណី អាហារប្រភេទចាហួយ នំដូណាត់ នំផ្អែម និងមីគ្រប់ប្រភេទផងដែរ៕

ដោយ៖ លោក យា ចិន្តាខន្តី