សិស្សានុសិស្សជាកូន ចៅជនជាតិដើមភាគតិច(មិល) រស់នៅតំបន់ដាច់ស្រយាលនៃខេត្តក្រចេះ សូមអំណរគុណដល់ ឯកឧត្តម នេត្រ ភក្ត្រា និង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានផ្តល់កង់ មួក និងដបទឹក ដើម្បីគាំទ្រការសិក្សារបស់កុមារក្នុងសហគមន៍ ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបតិ្តការទន្លេមេគង្គ-គង្គា,

(ក្រចេះ)៖ សិស្សានុសិស្សចំនួន ៧០នាក់រៀនថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សា ប៉ាក្លែ ស្រុកអូរគ្រៀងសែនជ័យ ដែលជាកូន ចៅ របស់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច( មិល ) រស់នៅតំបន់ជនបទដាច់ស្រយាលនៃខេត្តក្រចេះ បានគោរពសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលបាននាំយកនូវកង់ មួកសុវត្ថិភាព និងដបទឹកមកចែកជូនដោយផ្ទាល់ដល់ក្មួយៗដើម្បីជាមធ្យោបាយក្នុងការធ្វើដំណើរមករៀនទាន់ពេលវេលា។

ការថ្លែងនូវការអរគុណរបស់សិស្សានុសិស្សភាគច្រើនជាកូនចៅបងប្អូន ជនជាតិដើមភាគតិច( មិល ) នេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម បាវិតលុង វ៉ាន់ឡាល់វ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញធ្វើការចែកកង់ ចំនួន ៧០កង់ មួកសុវត្ថិភាព និងដបទឹក ជូនដល់កូនចៅរបស់បងប្អូនជនជាតិដើមភាគតិច ( មិល ) ជាសិស្សរៀនថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សា ប៉ាក្លែ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នាសាលាបឋមសិក្សាប៉ាក្លែ ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សា ប៉ាក្លែ ស្រុកអូរគ្រៀងសែនជ័យ ដែលទទួលបានកង់នាឱកាសនេះ បានបង្ហាញនូវការសប្បាយចិត្តរីករាយ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានពូកែ មករៀនបានទាន់ពេលវេលា ធ្វើជាសិស្សល្អ ដើម្បីជាការតបស្នងទៅម្ចាស់អំណោយដែលបានទិញកង់មកចែកជូន សម្រាប់ជាមធ្យោបាយជិះមកសិក្សារៀនសូត្រ ។

តាមការបញ្ជាក់របស់ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងចែកកង់ មួកសុវត្ថិភាព និងដបទឹក ត្រូវបានអនុវត្តក្នុងគោលបំណងគាំទ្រការសិក្សារបស់សិស្សនៅក្នុងសហគមន៍ ដោយរួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សា របស់សិស្សពីកម្រិត បឋមសិក្សាទៅអនុវិទ្យាល័យ ដោយសារកង្វះមធ្យោបាយធ្វើដំណើរទៅសាលា និងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់គ្រួសារសិស្សខ្វះខាតឱ្យកាន់តែប្រសើរឡើង ដោយរួមចំណែកកាត់បន្ថយថ្លៃចំណាយ និងពេលវេលារបស់ពួកគាត់ក្នុងការធ្វើដំណើរពីផ្ទះទៅសាលា។ ជាពិសេសគម្រោងនេះនឹងបង្កើនការទទួលខុសត្រូវ និងឯករាជ្យភាពរបស់សិស្សឱ្យកាន់តែក្លាហានក្នុងការធ្វើដំណើរទៅសាលាដោយខ្លួនឯង។

គម្រោងនេះនឹងចែកកង់ មួក និងដបទឹកបរិស្ថាន ដល់សិស្សនៅសាលាបឋមសិក្សា ចំនួន ៣ ក្នុងស្រុកអូរគ្រៀងសែនជ័យ ចំនួន ២០០កង់ មួក ដប ដោយលើកទី១ នៅថ្ងៃទី២៥នេះ ចំនួន ៧០កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាប៉ាភ្លែ។ លើកទី២៖ គ្រោងនឹងចែក ៩៧កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមសិក្សាស្រែស្បូវ និងលើកទី៣៖ គ្រោងនឹងចែក ៣៣កង់ មួក ដបទឹក ដល់សិស្សនៅសាលាបឋមឋសិក្សាអំពកកង់។ ក្រៅពីការចែកកង់មួកសុវត្ថិភាព និងដបទឹកបរិស្ថាន គម្រោងនេះនឹងមានរៀបចំការបណ្តុះបណ្តាលអំពីសុវត្ថិភាពក្នុងការប្រើប្រាស់ផ្លូវថ្នល់ ដល់សិស្សានុសិស្សដែលទទួលបានកង់ ដើម្បីជៀសវាងគ្រោះ ថ្នាក់ជាយថាហេតុណាមួយកើតឡើង ដល់អ្នកទទួលផលពីគម្រោងផងដែរ៕