សិស្សានុសិស្សចំនួន ២០០នាក់ នៃវិទ្យាល័យ ជាស៊ីម ជ្រោយចង្វា បង្ហាញភាពរីករាយ និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះគុណតម្លៃអូឡាំពិក (Olympic Values)

សិស្សានុសិស្សចំនួន ២០០នាក់ នៃវិទ្យាល័យជាស៊ីម ជ្រោយចង្វា បង្ហាញភាពរីករាយ និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចូលរួមសិក្សាស្វែងយល់ និងទទួលបានចំណេះដឹងថ្មីៗ ស្តីពីគុណតម្លៃអូឡាំពិក (Olympic Values) តាមរយៈកម្មវិធីអប់រំគុណតម្លៃអូឡាំពិក (OVEP) ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងបានបញ្ចប់ទៅដោយជោគជ័យ កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

លោក សោម សុទ្ធរិទ្ធិពង្ស គ្រូឧទ្ទេសប្រចាំកម្មវិធីថ្លែងថា គោលបំណងសំខាន់នៃការផ្សព្វផ្សាយនេះដើម្បីបញ្ជ្រាបដល់សិស្សានុសិស្សឱ្យបានដឹងពីគុណតម្លៃអូឡាំពិកដែលមានតាំងពីសម័យក្រិកបុរាណជាង២៧០០ឆ្នាំមុន ហើយដែលត្រូវបានយកមកបំផុសជាថ្មីទៀតនាសម័យបច្ចុប្បន្ន ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក សោម សុទ្ធរិទ្ធិពង្ស លម្អិតបែបនេះ “៖ យើងឱ្យពួកគាត់បានយល់ពីគុណតម្លៃទាំងអស់ដែលមានឧត្ដមភាព ការគោរព និង មិត្តភាព ដែលមិនត្រឹមតែប្រើប្រាស់ក្នុងកីឡាទេ តែក៏ជាគុណតម្លៃមួយដែលអាចឱ្យសិស្សានុសិស្សប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ហើយប្រជាជនទូទៅអាចប្រើប្រាស់បានដូចគ្នា។ ជាមួយគ្នានេះ អត្ថន័យនៃការប្រកួតកីឡាអូឡាំពិកក៏ត្រូវបានបញ្ជ្រាប មានទាំងអូឡាំពិករដូវក្ដៅ រដូវរងា និងអូឡាំពិកយុវជនដែលកម្ពុជាបានចូលរួមថ្មីៗនេះ។ ចំណុចសំខាន់មួយទៀត គឺការផ្សព្វផ្សាយការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលគ្រោងមាន៤៥ប្រទេសចូលរួម។”

លោក ថ្លាង សេងងាន់ នាយករងវិទ្យាល័យ ជាស៊ីម ជ្រោយចង្វា ពិតជាសប្បាយចិត្តដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំកម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិកនៅវិទ្យាល័យរបស់លោកដែលជាការជំរុញសិស្សានុសិស្សឱ្យកាន់តែយល់ដឹង និង សកម្មក្នុងកីឡា ចៀសឆ្ងាយពីទង្វើអបាយមុខផ្សេងៗដូចជា គ្រឿងញៀន ជាដើម។

លោកនាយរងបានឱ្យដឹងដែរថា វិទ្យាល័យរបស់លោកក៏មានភាពផុសផុលខ្លាំងក្នុងសកម្មភាពកីឡាចាប់តាំងពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ និងបានចូលរួមការប្រកួតកម្រិតមធ្យមសិក្សាជាហូរហែ ដើម្បីឱ្យសិស្សានុសិស្សបានចូលរួមយ៉ាងសកម្ម។

ក្នុងនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៍បានឧបត្តម្ភដល់វិទ្យាល័យជាស៊ីមជ្រោយចង្វា នូវសម្ភារៈកីឡា ដូចជាបាល់បោះ បាល់ទាត់ និងបាល់ទះ ចំនួន២០បាល់ផងដែរ៕