សិប្បកម្ម ក្រុមហ៊ុន ដាវី ស៉ី អេច និង ក្រុមហ៊ុន សុខ ធារ៉ា នាំយកអំណោយសប្បុរសធម៌ ជូនដល់នាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ

តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ តំណាង ម្ចាស់សិប្បកម្ម ក្រុមហ៊ុន ដាវី សុី អេច អុីមផត អិចផត ឯ.ក និង ក្រុមហ៊ុន សុខ ធារ៉ា រួមជាមួយក្រុមការងារ បាននាំយកនូវអំណោយសប្បុរសធម៌ មានជាគ្រឿងឧបភោគបរិភោគ សម្ភារៈអនាម័យដូចជាអាល់កុល ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងត្រៀមឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ។
នៅក្នុងឱកាសនោះ ព្រះគ្រូ ញ្ញាណរតនៈឧត្តម ឈាន ណារ័ត្ន ព្រគ្រូសូត្រ ស្ដាំ វត្តអន្លងរមៀត ស្រុកកណ្ដាលស្ទឹង ព្រះតំណាងដែលបាននាំមកនូវអំណោយសប្បុរសធម៌ មានថេរដីកាថ្លែងការកោតសរសើរ ដោយស្មោះអស់ពីព្រះទ័យ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ នាយទាហាន ពលទាហាន កងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងនៃកងយោធពលខេមរភូមិន្ទទាំងអស់នៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់កម្ពុជា ដោយមិនអោយសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ ។
ព្រះអង្គ ក៏បានបង្ហាញពីព្រះទ័យ គាំទ្រយ៉ាងពេញចំពោះសេចក្ដីប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្នុងការនាំយកបញ្ហាដែនដីនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់ បញ្ហានេះ ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្រើនូវយន្តការទ្វេភាគីដែលស្រាប់ក្នុងការចរចានិងដោះស្រាយ បញ្ហាដោយសន្តិវិធី ដើម្បីរក្សានិងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយរួម ទាំងការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន ក្នុងករណីមានការឈ្លានពានណាមួយ។
ឧត្ដមសេនីយឯក សួន ពិរុណ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ទទួលបន្ទុកប្រឆាំងភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់សម្រាប់ជួយឧបត្ថម្ភគាំទ្រ និងឆ្លើយតបបានទាន់ពេលវេលាជាមួយនឹងតម្រូវការជាក់ស្ដែងសម្រាប់អង្គភាព ព្រមទាំងស្បៀងបន្ថែមសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងត្រៀមឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
អំណោយសប្បុរសធម៌ដែលត្រូវបានយកមកប្រគល់ជូន
បញ្ជាការដ្ឋានអង្គរក្ស និងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាពេលនេះរួមមាន ÷ ធុង 1000លីត្រ ចំនួន 10ធុង ,ធុង 200លីត្រ ចំនួន 20ធុង ,កានតូច ចំនួន300កាន, អាល់កុល 75% ចំនួន 50កាន ,មី 200កេស , អង្គរ 2តោន , ទឹកត្រី 100យួរ ,ទឹកស៊ីអ៊ីវ 100យួរ ,ទឹកសុទ្ធ 500យួរ និងថវិកា 5,000,000រៀល ។
សូមជម្រាបថា ក្រុមហ៊ុន ដាវីសុីអេច អុីមផត អិចផត បានយកផលិតផលដែលបានប្រើប្រាស់រួចមកកែច្នៃឡើងវិញ ត្រូវបានផលិតជា អាល់កុល សម្រាប់ប្រើប្រាស់ជួយដល់វិស័យសុខាភិបាល ជាពិសេសតាមបណ្ដាមន្ទីពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកនានា។ សិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ីអេច ដែលជាក្រុមហ៊ុនស្នាដៃកូនខ្មែរដំបូងនៅកម្ពុជាដែលមានការទទួលស្គាល់ និងឯកភាពគាំទ្រដោយក្រសួងបរិស្ថាន និងការចុះបញ្ជីម៉ាកពីក្រសួង ពាណិជ្ជកម្មផងដែរ។