សិប្បកម្ម ក្រុមហ៊ុន ដាវី ស៉ី អេច នាំយកអំណោយសប្បុរសធម៌ ព្រមទាំងសម្ភារៈអនាម័យមានជាអាល់កុល ជូនដល់កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ

នៅកងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ លោក សុខា ធារ៉ា និងលោកស្រី ជា ដាវី ដែលជាម្ចាស់សិប្បកម្ម ក្រុមហ៊ុន ដាវី សុី អេច អុីមផត អិចផត ឯ.ក រួមជាមួយក្រុមការងារ បាននាំយកនៅអំណោយសប្បុរសធម៌ មានជាគ្រឿងឧបភោគបរិភោគ សម្ភារៈអនាម័យដូចជាអាល់កុល ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងត្រៀមឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ។

នៅក្នុងឱកាសនោះ លោក សុខា ធារ៉ា និងលោកស្រី ជា ដាវី ដែលជាម្ចាស់សិប្បកម្ម ក្រុមហ៊ុន ដាវី សុី អេច បានថ្លែងការកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ និងកងកម្លាំងនៃកងយោធពលខេមរភូមិន្ទទាំងអស់នៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនអោយសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ ។

លោក សុខា ធារ៉ា បានបង្ហាញការគាំទ្រយ៉ាងពេញចំពោះសេចក្ដីប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្នុងការនាំយកបញ្ហាដែនដីនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់ បញ្ហានេះ ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្រើនូវយន្តការទ្វេភាគីដែលស្រាប់ក្នុងការចរចានិងដោះស្រាយ បញ្ហាដោយសន្តិវិធី ដើម្បីរក្សានិងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយរួម ទាំងការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន ក្នុងករណីមានការឈ្លានពានណាមួយ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់សម្រាប់ជួយឧបត្ថម្ភគាំទ្រ និងឆ្លើយតបបានទាន់ពេលវេលាជាមួយនឹងតម្រូវការជាក់ស្ដែងសម្រាប់កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងស្បៀងបន្ថែមសម្រាប់កងទ័ព ដែលកំពុងត្រៀមឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បញ្ជាក់ថាទាំងនេះគឺជាការលើកទឹកចិត្ត និងរួមចំណែកសម្រាលការលំបាករបស់កងកម្លាំងដែលបាន លះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី ។

អំណោយសប្បុរសធម៌ដែលត្រូវបានយកមកប្រគល់ជូន កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ នាពេលនេះរួមមាន ÷ ធុង 1000លីត្រ ស្មើនឹង10ធុង ធុង 200លីត្រ ចំនួន 40ធុង ,ធុងប៉េត្រូ 50ធុង ,កានតូច 300កាន, អាល់កុល 75% ចំនួន50កាន , មី 100កេស , អង្ករ 2តោន , ទឹកត្រី 50យូរ, ទឹកស៊ីអីវ 50 យូរ ,ទឹកសុទ្ធ 500កេស និងថវិកា 5,000,000រៀល។