សិក្ខាសាលាស្តីពី «ការលើកកម្ពស់ការបណ្តុះបណ្តាលជំនាញនៅតាមរោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ»

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាំង ស្រុកព្រៃនប់ បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយស្តីពី «ការលើកកម្ពស់ការបណ្តុះបណ្តាលជំនាញនៅតាមរោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ»។ ក្រោមអធិបតីភាព ឯកឧត្តម ជួប ឋិតឋេរឬទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ុម សុខធី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងតំណាងអង្គភាព ធុរជន និងវិនិយោគិនជាច្រើនរូបទៀត។

ក្នុងមតិស្វាគមន៍ លោក ឯម ភាព អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុគឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងចំណោមខេត្តតំបន់ឆ្នេរទាំង៤ ដែលសម្បូរទៅដោយសក្តានុពលលើវិស័យឧស្សាហកម្ម ទេសចរណ៍ និងភស្តុភារកម្ម តាមរយៈហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបដូចជា កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងតំបន់សេដ្ឋកិច្ចពិសេស។ កត្តាទាំងនេះបានទាក់ទាញវិនិយោគិនយ៉ាងច្រើន ដែលបង្កើតឱកាសការងារយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជាពលរដ្ឋ។
ឯកឧត្តម ជួប ឋិតឋេរឬទ្ធិ បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗ ដើម្បីពង្រឹងសមត្ថភាពពលកម្មឱ្យស្របតាម យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល រួមមាន៖
•ការបណ្តុះបណ្តាលនៅកន្លែងធ្វើការ (Work-Based Learning)៖ ជំរុញឱ្យសហគ្រាសអនុវត្តការបំប៉នជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដើម្បីឱ្យកម្មករនិយោជិតអាចដើរទាន់បច្ចេកវិទ្យាទំនើប។
•យន្តការ “រៀនចប់មានការងារធ្វើ”៖ ពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ដើម្បីធានាថាការបណ្តុះបណ្តាលបច្ចេកទេស គឺឆ្លើយតបចំគោលដៅនៃតម្រូវការទីផ្សារការងារជាក់ស្តែង។
•ការគាំទ្រដល់យុវជនមកពីគ្រួសារក្រីក្រ៖ ផ្ដោតលើការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរៀបចំកម្លាំងពលកម្មបន្តវេនសម្រាប់តំបន់សេដ្ឋកិច្ចពិសេស។
•ការទាក់ទាញវិនិយោគតាមរយៈជំនាញ៖ ការមានកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ គឺជា “មេដែក” យ៉ាងសំខាន់ក្នុងការស្រូបទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនបន្ថែម ដែលនាំទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

អត្ថបទ៖ ស្រីភួង
រូបភាព ៖ សៅ អ៊ិនវិទូ