សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពី ការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យកោះ ក្នុងដែនសមុទ្រកម្ពុជា ត្រូវបានរៀបចំឡើងនៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យកោះ ស្ថិតក្នុងដែនសមុទ្រកម្ពុជា» នៅសណ្ឋាគារឆ្នេរថ្មី។ សិក្ខាសាលានេះបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រួងបរិស្ថាន និងវិទ្យាស្ថានបច្ចេកវិទ្យាសាគរសាស្រ្តចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន លោក លោកស្រី តំណាងអភិបាល នៃគណៈអភិបាលខេត្តកោះកុង ខេត្តកំពត និងខេត្តកែបក្រុមជំនាញការវិទ្យាស្ថានបច្ចេកវិទ្យាសាគរសាស្រ្តចិន/ក្រសួងធនធានធម្មជាតិចិននិង លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធនៃខេត្តជាប់មាត់សមុទ្រកម្ពុជាទាំង៤។

លោកអភិបាលរង បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ និងបានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា លទ្ធផលនៃសិក្ខាសាលាថ្ងៃនេះ នឹងចូលរួមចំណែកជាជន្ទល់យ៉ាងសំខាន់ និងជាជំហានទី១ ឆ្ពោះទៅសម្រេចបានសង្គតិភាពនៃទិន្នន័យ និងរួមចំណែកគាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍកោះឆ្នេរ និងទេសចរណ៍ប្រកបដោយចីរភាព តាមគោលការណ៍អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ (Blue Economy) ព្រមទាំងដើរតួជាជំនួយដល់អ្នកវិនិយោគសម្រាប់ការវិនិយោគប្រកបដោយប្រសិទ្ធភាព និងការទាញយកធនធានដែលមានស្រាប់មកប្រើប្រាស់ឱ្យចំគោលដៅ និងអស់លទ្ធភាពប្រកបដោយមេត្រីភាពបរិស្ថាន។