សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ និងផ្សព្វផ្សាយប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ

ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ​​បច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ និងផ្សព្វផ្សាយប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ។ អង្គសិក្ខាសាលានេះ ដឹកនាំដោយឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ង៉ាន់ ភិរម្យ អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ​តំណាងក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ​ គ្រឹះស្ថាន​សាធារណៈរដ្ឋបាល ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរជំនាញរាជធានី ខេត្ត ដែលមានការចូលរួមផ្ទាល់នៅសណ្ឋាគារសុខា​ភ្នំពេញ និងតាមរយៈប្រព័ន្ធអនឡាញ ដោយប្រើប្រាស់កម្មវិធី ZOOM សរុបប្រមាណ ១ ០៥៧ នាក់។

គោលបំណងនៃការៀបចំសិក្ខាសាលានាពេលនេះ គឺដើម្បីពិគ្រោះយោបល់និងប្រមូល​ធាតុចូលបន្ថែម​ពីអង្គសិក្ខាសាលា ទៅលើសេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ​បច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាឱ្យការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រនេះ កាន់តែមានសុក្រឹតភាព និងមានភាពគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនេះ ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ក៏នឹងផ្សព្វផ្សាយនូវប្រកាសលេខ ៩៨៦ សហវ.ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ នៅក្នុងអង្គសិក្ខាសាលានាថ្ងៃនេះផងដែរ។

 ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសម្ដែង​នូវ​ការ​ស្វាគមន៍​​យ៉ាង​កក់ក្ដៅ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ​ គ្រឹះស្ថាន​សាធារណៈរដ្ឋបាល ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល អង្គភាពក្រោមឱវាទ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរជំនាញរាជធានី ខេត្ត ដែល​បានឆ្លៀតពេលដ៏មានតម្លៃអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ដ៏​មាន​សារៈសំខាន់នាព្រឹក​នេះ ទាំងនៅសណ្ឋាគារ​សុខាភ្នំពេញផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ Zoom។​ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថា យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០១៩ ដែលមានគោលបំណងធ្វើទំនើបកម្មប្រព័ន្ធលទ្ធកម្មសាធារណៈ​កម្ពុជាឱ្យក្លាយជាប្រព័ន្ធមួយកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។ បច្ចុប្បន្ន យុទ្ធសាស្រ្តនេះត្រូវបានអនុវត្តអស់រយៈពេលប្រមាណ ៥ឆ្នាំ និងកំពុងឈានដល់ឆ្នាំចុងក្រោយ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន និងជាទីមោទនៈ។ ក្នុងទិសដៅដើម្បី បន្តការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ស្របតាមផែនការសកម្មភាពរួម ដំណាក់កាលទី៤ បច្ចុប្បន្នកម្ម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥-២០២៧ និងយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ ដែលទើបត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៦​ ខែមិថុនា ឆ្នាំ២០២៥ គឺចាំបាច់ត្រូវធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥។ ស្របតាមស្មារតីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំនូវសេច-ក្តីព្រាងយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ ដែលនឹងត្រូវយកមកពិនិត្យពិភាក្សានៅក្នុងអង្គសិក្ខាសាលានាព្រឹកនេះ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែម​ទៀតថា ប្រកាសលេខ ៩៨៦ សហវ.ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិ-​កម្ម​​អនុគ្រោះ ដែលប្រកាសដាក់ឱ្យអនុវត្តនៅពេលនេះ គឺជាលិខិតបទដ្ឋានគតិយុត្តមួយក្នុងចំណោមលិខិតបទដ្ឋានគតិយុត្តដទៃផ្សេងទៀត សម្រាប់អនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០២៣ ដែលក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុបាននិងកំពុងរៀបចំ។ ប្រកាសនេះ ត្រូវបានរៀបចំតាមការណែនាំជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីគាំទ្រដល់ការអភិវឌ្ឍនិងពង្រីកវិស័យឧស្សាហកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសដើម្បីចូលរួមពង្រឹងនិងពង្រីកទីផ្សារក្នុងស្រុកនិងសកល សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនភាព តាមរយៈយន្តការលទ្ធកម្មសាធារណៈ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យឯកជន កំណើនសេដ្ឋកិច្ច និងការបង្កើតការងារក្នុងស្រុក ស្របតាមរបៀបវារៈគោលនយោបាយនៃយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

 ឯកឧត្តម ង៉ាន់ ភិរម្យ អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្ម​សាធារណៈ បានគូសរំលេចពីគោលបំណង និងទិសដៅ សំខាន់ៗនៃឯកសារយុទ្ធសាស្ត្របច្ចុប្បន្នកម្មខាងលើ ព្រមទាំងរៀបរាប់បន្ថែមពី រចនាសម្ព័ន្ធនៃសេចក្តីព្រាងយុទ្ធសាស្ត្រនេះដែលចែកចេញជា ៤ ជំពូក និងឧបសម្ព័ន្ធចំនួន ១​។ បន្ថែមពីនេះ ឯកឧត្តមអគ្គនាយក​ ក៏បានបន្ថែមផងដែរអំពី ប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ ដោយសារការផ្តល់ប្រព្រឹត្តអនុគ្រោះក្នុងការអនុវត្តកិច្ចលទ្ធកម្មនេះ គឺជាកិច្ចការថ្មីសម្រាប់កម្ពុជា។ ដែលការរៀបចំប្រកាសនេះឡើងគឺក្នុងគោលបំណងចូលរួមពង្រឹងនិងពង្រីកទីផ្សារក្នុងស្រុកនិងសកល សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនភាព តាមរយៈយន្តការលទ្ធកម្មសាធារណៈ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យឯកជន កំណើនសេដ្ឋកិច្ច និងការបង្កើតការងារក្នុងស្រុក។

ថ្លែងក្នុងពិធីនេះផងដែរ, ឯកឧត្តម ង៉ាន់ ភិរម្យ និង ឯកឧត្តមជាវាគ្មិន បានគូសបញ្ជាក់និងបានធ្វើបទបង្ហាញលម្អិតជូនអង្គសិក្ខាសាលាអំពីខ្លឹមសារនិងគោលការណ៍សំខាន់ៗ ព្រមទាំងចំណុចសំខាន់ៗនៃសេចក្តីព្រាងយុទ្ធសាស្ត្របច្ចុប្បន្នកម្មខាងលើ និងប្រកាសលេខ​ ៩៨៦ សហវ.ប្រក សម្រាប់កិច្ចពិភាក្សា។ 

អង្គសិក្ខាសាលាបានចូលរួមជាមតិយោបល់ ផ្តល់ការពិគ្រោះយោបល់យ៉ាងផុសផុល លើកជាសំណួរ និងលើកជាអនុសាសន៍ល្អៗ ដើម្បីឱ្យឯកសារយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្ន-​កម្ម​ឆ្នាំ២០២៥-២០២៨ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចដាក់ឱ្យអនុវត្តបានប្រកបដោយប្រសិទ្ធ-​ភាពខ្ពស់។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបូកសរុបលទ្ធផល​ដែលទទួលបានពីអង្គសិក្ខាសាលានាព្រឹកនេះ ដើម្បីពិនិត្យពិចារណាកែលម្អសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រខាងលើ ក៏ដូចជាការត្រៀមសម្រាប់រៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈដទៃទៀត ដើម្បីគាំទ្រនិងជំរុញដល់ការអនុវត្តច្បាប់ស្តីពី​លទ្ធកម្មសាធារណៈ សំដៅធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព  ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

ជាកិច្ចបញ្ចប់នៃអង្គសិក្ខាសាលា, ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បានសម្តែង​នូវការវាយតម្លៃខ្ពស់ ជូនចំពោះឯកឧត្តម ង៉ាន់ ភិរម្យ អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងសហ​ការី ដែលខិតខំរៀបចំឯកសារយុទ្ធសាស្ត្របច្ចុប្បន្នកម្ម និងប្រកាសខាងលើ ព្រមទាំងរៀបចំបានសិក្ខាសាលាពិគ្រោះយោបល់នាព្រឹកនេះបញ្ចប់ដោយជោគជ័យ។