សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ការពង្រឹងចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់សហគ្រាសនៅកម្ពុជា’’

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីព្រឹកថ្ងៃទី ២១ ខែ តុលាឆ្នាំ ២០២៥, គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានបញ្ចប់ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការពង្រឹងចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់សហគ្រាស នៅកម្ពុជា” នៅសណ្ឋាគារ អូក វូដ ព្រេមៀរ ភ្នំពេញ ប្រកបដោយផ្លែផ្កា។
សិក្ខាសាលានេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង តំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល, វិស័យឯកជន, សមាគម, គ្រឹះស្ថានអប់រំនិង ក្រុមហ៊ុនដំណោះស្រាយឌីជីថល។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមគោលបំណង ពង្រឹងចំណេះដឹងទាក់ទងទៅនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ,ចែករំលែកបទពិសោធន៍, និង ផ្ដល់វេទិកាសម្រាប់បង្កើតទំនាក់ទំនងជាមួយគ្នាក្នុងប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ចក្នុងសេដ្ឋកិច្ចឌីជីថល។
សិក្ខាសាលានេះបានចាប់ផ្តើមដោយសុន្ទរកថារាយការណ៍ របស់ លោកជំទាវ ផល ម៉ារីណា អគ្គលេខា–ធិការរង នៃអគ្គលេខាធិការដ្ឋានគ.ស.ធ.ឌ.និង ការថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តមបណ្ឌិត គង់ ម៉ារី។ នៅក្នុងនោះ, ឯកឧត្តមបណ្ឌិត បានគូសរំលេចពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ជាពិសេស បច្ចេក–វិទ្យាហិរញ្ញវត្ថុ ដែលក្លាយជាកម្លាំងចលករមួយដ៏ចម្បងក្នុងការជំរុញសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និង នវានុវត្តន៍ ក្នុងវិស័យហិរញ្ញវត្ថុ ទាំងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិន–មែនធនាគារ។ ទៀតសោត ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ មានដូចជា ប្រព័ន្ធទូទាត់សងប្រាក់បាគង, ខេ–អេចឃ្យូអរ(KHQR), សេវាធនាគារចល័ត (Mobile Banking), ព្រមទាំងសេវាកម្ម និងផលិតផលបច្ចេកវិទ្យាជាច្រើនទៀត បាន និង កំពុងបំពេញតម្រូវការ និង ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និង ការធ្វើសុវុឌ្ឍិកម្មសេវាហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋទូទៅ និង សហគ្រាសផងដែរ។ បន្ថែមពីលើនេះទៅទៀត, សិក្ខាសាលានេះគឺជាឱកាសដ៏ពិសេសសម្រាប់សហគ្រាសធុនតូច និង មធ្យម, ជាពិសេសលើកទឹកចិត្តដល់ធុរជន និង ម្ចាស់សហគ្រាស ក្នុងការស្វែងយល់បន្ថែមពីបច្ចេកវិទ្យាហិរញ្ញវត្ថុ និង ការប្រើប្រាស់សេវាកម្ម ឬ ដំណោះស្រាយឌីជីថល ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន និង តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមសហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មា–ធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ក្នុងការបន្តរៀបចំផ្តួចផ្តើមផ្សេងៗ សំដៅដល់ការលើកកម្ពស់ និង ជំរុញការ–បង្កើនចំណេះដឹង និង អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ធុរជនកម្ពុជាឱ្យកាន់តែមានវិសាលភាពខ្ពស់នាពេលខាងមុខទៀត។ នៅក្នុងដំណើរការនៃសិក្ខាសាលានេះ មានបទបង្ហាញចំនួន ២ ដែលផ្តោតលើ៖ (១). ទិដ្ឋភាពទូទៅ និង ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា, (២) ស្វែងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ៖ ហេតុអ្វីបានជាបច្ចេកវិទ្យាហិរញ្ញវត្ថុមានសារៈសំខាន់សម្រាប់សហគ្រាសធុនតូច និង មធ្យម, និង កិច្ចពិភាក្សាចំនួន ១ លើប្រធានបទ “ការទាញយកអត្ថប្រយោជន៍៖ តើអ្វីជាអាទិភាពគន្លឹះដែលសហគ្រាសធុនតូច និង មធ្យម គួរតែស្វែងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា”។ បទបង្ហាញនីមួយៗ បានផ្តល់ជាព័ត៌មានមូលដ្ឋាន បទពិសោធន៍
ឧត្តមានុវត្តន៍ និង ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងចំណេះដឹងហិរញ្ញវត្ថុឌីជីថលនិង ជំនាញបច្ចេកវិទ្យាថ្មីៗ ដល់ធុរជន ម្ចាស់អាជីវកម្ម សហគ្រាសនៅកម្ពុជានិង អ្នកចូលរួម។
ជាលទ្ធផល សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ១៥០ នាក់ និងបានបញ្ចប់ទៅដោយរលូន តាមរយៈការបង្កើតវេទិកាឱ្យមានការជជែកពិភាក្សាពីបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់សហគ្រាសនៅកម្ពុជា។
គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នឹងបន្តឱ្យមានការរៀបចំកម្មវិធីសិក្ខាសាលាបែបនេះបន្តទៀត នៅឆ្នាំបន្តបន្ទាប់ដោយផ្តោតទៅលើប្រធានបទផ្សេងៗ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។
សម្រាប់ព័ត៌មានអំពីសិក្ខាសាលា ឬ កម្មវិធីពាក់ព័ន្ធនឹងចំណេះដឹងឌីជីថលផ្សេងៗរបស់ធុរកិច្ចនៅកម្ពុជា សូមសាធារណជន ទាំងអស់មេត្តាតាមដានលើគេហទំព័រ និង គ្រប់បណ្ដាញសង្គមរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.)។















