សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការបញ្ច្រាបចំណេះដឹងអំពីមេរោគអេដស៍ ហានិភ័យនៃការឆ្លងមេរោគអេដស៍ និងវិធីបង្ការ ការពារមេរោគអេដស៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងអង្គភាពពាក់ព័ន្ធនានា
ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ នៃទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ចើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការបញ្ច្រាបចំណេះដឹងអំពីមេរោគអេដស៍ ហានិភ័យនៃការឆ្លងមេរោគអេដស៍ និងវិធីបង្ការ ការពារមេរោគអេដស៍ជូនដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំនៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងអង្គភាពពាក់ព័ន្ធនានា ក្រោមប្រធានបទ «ការបង្ការ និងការប្រយុទ្ធទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា» ។
សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ មានអ្នកចូលរួម ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃទីស្តីការគណះរដ្ឋមន្ត្រី និងអង្គភាពពាក់ព័ន្ធជាង៣០០នាក់ នៅសាលសន្និសីទ C ទីស្តីការគណៈរដ្ឋមន្ត្រី។
បន្ទាប់ពីបានស្ដាប់នៅរបាយការណ៍ និងចំណាប់អារម្មណ៍របស់ ឯកឧត្តមវេជ្ជបណ្ឌិត ឡាន វណ្ណសេង អនុប្រធានអជ្ញារធរជាតិប្រយុទ្ធនិងជំងឺអេដស៍រួចមក ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ បានបញ្ចាក់ថា ក្នុងដំណើរឆ្ពោះទៅបញ្ចប់អេដស៍ដែលជាគ្រោះគំរាមកំហែងដល់សុខភាពសាធារណៈ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាឯកច្ឆន្ទនិងដាក់ចេញឱ្យអនុវត្តនូវ «គោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨» ដែលនេះ បានបញ្ជាក់នូវការប្តេជ្ញាចិត្តផ្នែក គោលនយោបាយយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តបេសកកម្មដ៏ថ្លៃថ្លាពីរាជរដ្ឋាភិបាល នីតិកាលមុនៗក្រោមការដឹកនាំដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ ន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការបន្តអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់សុ ខ ភាពនិងសុខុមាលភាពប្រជាជន ស្របតាម «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១»។
គោលនយោ បាយជាតិនេះ មានចក្ខុវិស័យរយៈពេលវែងសំដៅធានាថាកម្ពុជាជាប្រទេសមួយ ដែលនឹងគ្មានការគំរាម កំហែងពីមេរោគអេដស៍និងជំងឺអេដស៍ ព្រមទាំងធានាថា ប្រជាជនកម្ពុជាមានសុខភាពល្អនិងរស់នៅប្រកបដោយសុខុមាលភាព គ្មានការភ័យខ្លាចដោយសារជំងឺអេដស៍។
គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ ជាឧបករណ៍ដ៏មុតស្រួចក្នុងការជំរុញការចូលរួមការងារឆ្លើយតបមេរោគនិងជំងឺអេដស៍ ជាលក្ខណៈពហុវិស័យទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ។
ឯឧត្តមបន្តថា ការរៀបចំសិក្ខាសាលាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់អំពីការយកចិត្តទុកដាក់ចូលរួមរបស់គណ:កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ទីស្តីការគណៈរដ្ឋមន្ត្រី និងការចូលរួមជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការបញ្ជ្រាបការ យល់ដឹងអំពីមេរោគអេដស៍និងជំងឺអេដស៍ និងការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអដស៍និងជំងឺអេដស៍ ពិសេសគឺបង្កើននូវការរួមចំណែកក្នុងការបង្ការ ការទប់ស្កាត់ ការរីករាលដាល និងការឆ្លងជំងឺអេដស៍ឲ្យស្របទៅតាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ។
លើសពីនេះ សិក្ខាសាលាក៏នឹងផ្តល់ជាបទពិសោធន៍ថ្មីៗ ល្អៗបន្ថែមទៀត ពីមេរោគអេដស៍ និងជំងឺអេដស៍ ការចម្លងមេរោគអេដស៍ វិធីសាស្ត្របង្ការមេរោគអេដស៍ និងការព្យាបាលជំងឺអេដស៍ ដែលទាំងនេះជាការយល់ដឹងដ៏សំខាន់ ក៏ដូចជាការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី លើការលើកកម្ពស់ការកាត់បន្ថយការចម្លងមេរោគអេដស៍ ដើម្បីឈានទៅលុបបំបាត់ទាំងស្រុង រាល់ទម្រង់រើសអើង និងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍។



