សិក្ខាសាលាផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការធ្វើប្រតិភូកម្ម  សិទ្ធអំណាច ទៅឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី-ខេត្ត

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំ បើកសិក្ខាសាលា ផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការធ្វើប្រតិភូកម្ម  សិទ្ធអំណាច ទៅឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី-ខេត្ត បទបង្ហាញ ស្ដីពីគោលការណ៍ ណែនាំប្លង់ បច្ចេកទេសឧស្សាហកម្ម និងសុវត្ថិភាពឧស្សាហកម្ម និងបទបង្ហាញ ស្ដីពី ការរៀបចំ ទិន្នន័យរោងចក្រតាមប្រព័ន្ធព័ត៌មាន ភូមិសាស្ត្រ-GIS ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម  ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ 

ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម មានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះមានគោលបំណងផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការធ្វើប្រតិភូកម្ម  សិទ្ធអំណាច ទៅឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី-ខេត្ត បទបង្ហាញ ស្ដីពីគោលការណ៍ណែនាំប្លង់បច្ចេកទេសឧស្សាហកម្ម និងសុវត្ថិភាពឧស្សាហកម្ម និងបទបង្ហាញ ស្ដីពី ការរៀបចំទិន្នន័យរោងចក្រ តាមប្រព័ន្ធព័ត៌មានភូមិសាស្ត្រ-GIS » ។ 

ឯកឧត្តម អគ្គនាយក បានបន្តទៀតថា ស្ថានភាពនៃការគ្រប់គ្រងរោងចក្រធុនធំ ដែលបានធ្វើការចុះបញ្ជីនៅអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ មានរោងចក្រដំណើរការ មានចំនួន ២,៧៨៤ រោងចក្រ ដោយមាន កម្លាំងពលកម្មសរុបមានចំនួន ១,២៣៤,០២៨នាក់ ក្នុងនោះមានស្រីចំនួន ៨៩០,២០៨នាក់ ស្មើនឹង ៧២.១៤% ដោយមាន ទុនវិនិយោគសរុបមានចំនួនជាង ២២,៥០៥លានដុល្លារអាមេរិក មានការកើនឡើងចំនួនជាង ២,៨៨០លានដុល្លារអាមេរិក ស្មើនឹង ១៤.៦៨% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទុនវិនិយោគក្នុងស្រុក ចំនួនជាង ៣,៨៩៣លានដុល្លារអាមេរិក ស្មើនឹង ១៧.៣% នៃទុនវិនិយោគសរុប។

ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា នៅក្នុងដំណើរអភិវឌ្ឍន៍ក្នុងរយៈពេលមធ្យម និងរយៈពេលវែងទៅមុខ កម្ពុជាត្រូវតែពង្រឹង និងពន្លឿនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងត្រូវធ្វើបរិវត្តកម្ម និងពិពិធកម្មរចនាសម្ព័ន្ធ និងមូលដ្ឋានសេដ្ឋកិច្ច ដែលបានទ្រទ្រង់កំណើនជាងពីរទស្សវត្សកន្លងមកនេះ ឱ្យស្របតាមការវិវត្តស្ថានភាពសង្គម   សេដ្ឋកិច្ចបច្ចុប្បន្ន និងអាចបន្តទ្រទ្រង់កំណើនខ្ពស់ក្នុងរយៈយូរ និងកាន់តែមានភាពធន់ និងរឹងមាំ។

  ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានបន្តទៀតថា ដើម្បីចូលរួមអនុវត្តឱ្យសម្រេចនូវសមិទ្ធផលដែលជាគោលដៅរបស់រាជរដ្ឋាភិបាល ជាពិសេស ក្នុងការធ្វើកំណែទម្រង់អភិបាលកិច្ចវិស័យឧស្សាហកម្ម ទើបអគ្គនាយកដ្ឋានឧស្សាហកម្មបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ   ស្តីពីការធ្វើប្រតិភូកម្ម  សិទ្ធអំណាច ទៅឱ្យមន្ទីរឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី-ខេត្ត ,បទបង្ហាញ ស្ដីពីគោលការណ៍ណែនាំប្លង់បច្ចេកទេសឧស្សាហកម្ម និងសុវត្ថិភាពឧស្សាហកម្ម និងបទបង្ហាញ ស្ដីពីការរៀបចំទិន្នន័យរោងចក្រតាមប្រព័ន្ធព័ត៌មានភូមិសាស្ត្រ-GIS នេះឡើង  ក្នុងគោលបំណងឱ្យវិស័យឯកជន និងរដ្ឋកាន់តែជិតស្និត រាល់បែបបទរដ្ឋបាល និងសេវាសាធារណៈត្រូវបានកាត់បន្ថយ កាត់បន្ថយពេលវេលា និងចំណាយផ្សេងៗ ផងដែរ។ 

ពាក់ព័ន្ធសុវត្ថិភាព និងប្លង់បច្ចេកទេសឧស្សាហកម្ម ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងលើការងារ ផលិតកម្ម សុវត្ថិភាព បរិស្ថាន គ្រប់គ្រងអគ្គិភ័យ   ហានិភ័យ និងចូលរួមបង្ការនិងទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យនៅមូលដ្ឋានផលិតកម្មផ្ទាល់។ រីឯការរៀបចំ ទិន្នន័យរោងចក្រ តាមប្រព័ន្ធព័ត៌មាន ភូមិសាស្ត្រ-GIS គឺអាចឱ្យយើង មានលទ្ធភាព រក្សាទុកទិន្នន័យរោងចក្រ របស់យើង ក្នុងGIS, បង្កើតភាពងាយស្រួល ក្នុងការគ្រប់គ្រង និងស្វែងរកទិន្នន័យរោងចក្រ ក្នុងប្រព័ន្ធកំព្យូរទ័រ និងទូរស័ព្ទដៃ ដែលមានទីតាំង ភូមិសាស្ត្រ និងព័ត៌មាន ច្បាស់លាស់ និងអាចឱ្យយើងមើលឃើញ ទីតាំងរោងចក្រ ពីលើអាកាស(Satellite)។ ជាមួយគ្នានេះ យើងអាចរចនា និងបង្កើតផែនទី ទីតាំងរោងចក្រ និងប្រើប្រាស់ទិន្នន័យទាំងអស់នេះ សម្រាប់ជាមូលដ្ឋាន ក្នុងការវិភាគ រៀបចំ គោលនយោបាយ ដែលជាកត្តាសំខាន់ ក្នុងការជំរុញអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា៕