សិក្ខាកាម ជាគ្រូបង្វឹក គ្រូជំនួយ ប្រមាណ១៤០នាក់ ទទួលបានការសិក្សាបន្ថែម ស្តីពីទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ វគ្គសិក្ខាសាលាស្តីពី “ការរៀបចំទ្រឹស្ដីផែន ការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ” ដល់គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៥ ។
នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាស្តីពី “ការរៀបចំ ទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ” ដល់គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា វគ្គសិក្ខាសាលាស្តីពី “ការរៀបចំ ទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ” ដល់គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៥ ដែលសិក្សា រយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥) សិក្ខាកាមចូលរួមសរុប ចំនួន១៤០នាក់ ។ សិក្ខាសាលានេះ រៀបចំឡើង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍជំនាញគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ក្នុងការដឹកនាំបង្ហាត់ឈានទៅការអភិវឌ្ឍសមត្ថភាព បច្ចេកទេស និងបង្កើនគុណផលកីឡា ត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ីលើកទី៣ នៅប្រទេសបារ៉ែន និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ និងការប្រកួតលក្ខណៈអន្ដរជាតិនានា ។
សូមបញ្ជាក់ថា សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ លោកបណ្ឌិត អ៊ុក ឌីវ៉ង់ លោក ឈុន ចាន់ធូ លោក វ៉ា វណ្ណៈ អគ្គនាយរង នៃអគ្គនាយកដ្ឋានកីឡា លោក យាន គីសីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក ផាត់ បញ្ញាសុជាតក៍ លោក សំ សុខយី លោកស្រី ហង់ ស៊ីមន លោក ឃួន ណារិទ្ធ អនុប្រធានមជ្ឈមណ្ឌល លោក ព្រំ វណ្ណារឿន ឱសថការី ឃុន ម៉ៅ វេជ្ជ.ម៉ី សុភីរ៉ាណ គ្រូឧទ្ទេស ៕