សិក្ខាកាមយោធាកងទ័ពជើងអាកាសកម្ពុជា រៀបចំប្រារព្ធកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅវិទ្យាស្ថានអាកាសចរណ៍នៃកងទ័ពជើងអាកាសកងទ័ពរំដោះប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន
សិក្ខាកាមយោធាកងទ័ពជើងអាកាសកម្ពុជា ដែលកំពុងបន្តការសិក្សាវគ្គបញ្ជាការសេនាធិការ វគ្គអាកាសយានិក និងវគ្គបច្ចេកទេសឧទ្ធម្ភាគចក្រ បានរៀបចំប្រារព្ធកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៥) នៅវិទ្យាស្ថានអាកាសចរណ៍នៃកងទ័ពជើងអាកាសកងទ័ពរំដោះប្រជាជនចិន ដែលស្ថិតនៅទីក្រុងឡាងហ្វាង រដ្ឋធានីប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន។
ពិធីអបអរសាទរដែលសិក្ខាកាមយោធាកងទ័ពជើងអាកាសកម្ពុជា ប្រារព្ធឡើងនាឱកាសនេះ គឺជាកិច្ចសម្តែងនូវការដឹងគុណជាអនេកប្បកា ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរបុរស វីរយុទ្ធជន វីរនារី និងជាកិច្ចសម្តែងនូវការដឹងគុណជាអនេកប្បកា ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់អស់លោក ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយមនសិកា ស្នេហាជាតិដ៏ខ្ពង់ខ្ពស់ ដង្ហែតាមព្រះរាជតម្រិះដ៏ត្រចះត្រចង់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យជាតិ នៃការនាំមកនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីសុខ សុភមង្គល ជូនដល់ប្រជាជាតិកម្ពុជាទាំងមូល។
ការប្រារព្ធកម្មវិធីអបអរសាទរនាឱកាសនេះ ក៏ជាការរួមចំណែកដ៏សំខាន់មួយរបស់ភាគីមិត្តចិន ដែលតែងតែរួមចំណែកក្នុងវិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងជាប្រពៃណី ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ដោយបានពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងបញ្ចូលថាមពលថ្មីទៅក្នុងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។
អន្តរកម្មទាំងនេះ បង្ហាញពីភាពស៊ីជម្រៅនៃយល់ដឹងពីគ្នារវាងមេដឹកនាំនៃប្រទេសទាំងពីរ និងបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការបង្កើតកាលានុវត្តភាពថ្មីផងដែរ។ ម្យ៉ាងទៀត ការរួមចំណែករបស់ប្រទេសចិនចំពោះការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា កំពុងជួយដាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពរុងរឿងយូរអង្វែង និងភាពធន់។
លើសពីនេះបន្ថែមទៀត តំណាងសិក្ខាកាម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានដឹកនាំវិស័យការពារជាតិប្រកបដោយវឌ្ឍនភាព។ បន្ថែមពីនេះ សិក្ខាកាមក៏បានថ្លែងអំណរគុណ ដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានខិតខំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំវិស័យកងទ័ពជើងអាកាសកន្លងមក ឲ្យមានការរីកចម្រើនបន្តបន្ទាប់ជាលំដាប់៕



