សិក្ខាកាមចំនួន១២៨នាក់ ទទួលបានការសិក្សា ស្តីពី “វិន័យ និងក្រមសីលធម៌” មុនចូលរួមប្រកួតកីឡាយុវជន អាស៊ីលើកទី៣ នៅព្រះរាជាណាចក្រប៉ារ៉ែន

សិក្ខាកាម ចំនួន១២៨នាក់ រួមមាន គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ក្រុមកីឡាជម្រើសជាតិថ្នាល ដែលត្រៀមចូលរួម ប្រកួតកីឡា យុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន ទទួលបានការសិក្សារយៈពេល២ថ្ងៃ នៃវគ្គស្តីពី “វិន័យ និងក្រមសីលធម៌” មុនចូលរួមប្រកួតកីឡាយុវជន អាស៊ីលើកទី៣ នៅព្រះរាជាណាចក្រប៉ារ៉ែន ។
មានប្រសាសន៍បើកសិក្ខាសាលា នាព្រឹកថ្ងៃទី០២ ខែតុលា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា វគ្គសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករំលែកបទពិសោធន៍ ដល់ប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី មុនពេលចេញដំណើរទៅចូលរួមប្រកួតកីឡា យុវជន អាស៊ីលើក ទី៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន ក្នុងការធ្វើដំណើរទាំងទៅ ទាំងមក ហូបចុក ស្នាក់នៅ និងការថែទាំសុខ ភាពកំឡុងពេលស្នាក់នៅ និងហាត់ហ្វឹកហ្វឺន ត្រៀមប្រកួតនៅព្រះរាជាណាចក្របារ៉ែន។
ឯកឧត្តម រដ្ឋលេខាធិការ បានបន្តទៀតថា វគ្គសិក្ខា សាលានេះធ្វើឡើងរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ មានគ្រូឧទ្ទេសចំនួន០៥នាក់ ក្នុង នោះមានចំនួន១៣ប្រភេទកីឡា ចូលរួមប្រកួតដូច ហែលទឹក, អត្តពលកម្ម, វាយសី, បាល់បោះ៣x៣, យូដូ, ជីជីតស៊ូ, គុនចម្រុះ, វាយកូនឃ្លីលើតុ, តេក្វាន់ដូWT, ចំបាប់, លើកទម្ងន់, បាល់ទាត់លើតុ, គុនខ្មែរ សិក្ខាកាមចំនួន១២៨នាក់ គឺផ្តោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ក្រុមកីឡាជម្រើសជាតិថ្នាល ដែលត្រៀមចូលរួម ប្រកួតកីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម របស់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីជម្រើសជាតិថ្នាលកម្ពុជាទាំងអស់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន ឆាប់ៗខាងមុខ៕