សាស្រ្តាចារ្យជំនួយ តាត សុវណ្ណ លើកទឹកចិត្តឲ្យគ្រូបង្រៀនឆ្មបខិតខំពង្រឹងការអនុវត្តជំនាញគ្លីនិក ដើម្បីធានាគុណភាពឆ្មបស្របតាមកម្មវិធីសិក្សាថ្មី
ខេត្តស្ទឹងត្រែង : លោកសាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ថ្លែងលើកទឹកចិត្តបែបនេះពេលចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយលើកទី១ ស្តីពីការអនុវត្តជំនាញគ្លីនិកនៃកម្មវិធីជាតិ ថ្នាក់បរិញ្ញាបត្ររងឆ្មប កែសម្រួលលើកទី២ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកសាស្រ្តាចារ្យជំនួយ វេជ្ជ.តាត សុវណ្ណ បាន ជម្រាបជូនពីគោលបំណងនៃសិក្ខាសាលានោះថា ដើម្បីពិនិត្យការអនុវត្តទម្រង់ការជាតម្រូវការគ្លីនិកដែលមានភាពលំបាកសម្រាប់កម្មវិធីសិក្សាជាតិថ្នាក់បរិញ្ញាបត្ររងឆ្មប កែសម្រួលលើកទី២ (ការអប់រំផ្អែកលើសមត្ថភាព/CBE)។
លោកសាស្ត្រាចារ្យជំនួយ ក៍បានថ្លែងលើកទឹកចិត្តឲ្យគ្រូបង្រៀនផ្នែកឆ្មបទាំងអស់ឱ្យបន្តកិច្ចខិតខំពង្រឹងការអនុវត្តជំនាញគ្លីនិក ដើម្បីធានាបាននូវគុណភាពសម្រាប់ការបណ្តុះបណ្តាលនិស្សិតបរិញ្ញាបត្ររងឆ្មបស្របតាមកម្មវិធីសិក្សាថ្មី លើកកម្ពស់បាននូវប្រសិទ្ធភាពកាត់បន្ថយឈានទៅលុបបំបាត់បាននូវមរណភាពមាតានិងទារក។



