សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ ចុះអនុស្សរណៈជាមួយគ្នាដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពមន្រ្តី
នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ នៅសាលាភូមិន្ទរដ្ឋបាល មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ជាមួយក្រសួងទេសចរណ៍ ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពមន្រ្តី។ ពិធីនេះប្រព្រឹត្តទៅក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាភូមិន្ទរដ្ឋបាល និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាលា និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈនិងសាលាភូមិន្ទរដ្ឋបាល ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ សរុបប្រមាណជាង ២០០នាក់។
ថ្លែងសន្ទរកថាស្វាគមន៍អង្គពិធី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានរាយការណ៍សង្ខេបពីគោលបំណងនៃការធ្វើអនុស្សរណៈនេះ ផ្តោតសំខាន់លើការបង្កើតកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក ពាក់ព័ន្ធការអភិវឌ្ឍសមត្ថភាព ការបណ្តុះបណ្តាល ការរៀបចំគម្រោងសិក្សា ស្រាវជ្រាវ និងសកម្មភាពនៃការបំផុសសមត្ថភាពមន្រ្តីរាជការ ដោយផ្អែកលើការពិគ្រោះយោបល់ ការឯកភាពគ្នា និងការផ្តល់ផលប្រយោជន៍ដល់គូរភាគីទាំងពីរ។
ជាកិច្ចបន្ត ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងចំណាប់អារម្មណ៍ពីកិច្ចសហប្រតិបត្តិការរវាងដៃគូរភាគីទាំងពីរ និងបានថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានសហការរៀបចំការងារនេះឡើងឱ្យទទួលបានផលជាផ្លែផ្កា។ ឯកឧត្តម ក៏បានចែករំលែកទស្សនៈវិស័យ និងចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ទៅមុខសម្រាប់ឆ្នាំ២០៥០ ក្នុងការធ្វើឱ្យវិស័យទេសចរណ៍ប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន និងបរទេសស្គាល់ប្រទេសកម្ពុជាកាន់តែច្រើន ជូនអង្គពិធីទាំងមូល។
ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានថ្លែងមតិសំណេះសំណាល និងបានផ្តល់អនុសាសន៍អំពីដំណើរការនៃការចុះអនុស្សរណៈនាពេលនេះ ជាការចូលរួមចំណែក អនុវត្តនៅក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលកិច្ចការនេះផ្តោតសំខាន់និងយកចិត្តទុកដាក់ប្រែក្លាយ ធនធានមនុស្សនៅក្នុងវិស័យសាធារណៈឱ្យមានសមត្ថភាព និងមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការចែករំលែក និងការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល។ ជាចុងក្រោយ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថាការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងកាន់តែជិតស្និត ដោយផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍ សមធម៌ និងយុត្តិធម៌៕



