សាលាគណនិងរដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣
ព្រះសីហនុ-ថ្មីៗនេះសាលាគណនិងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាយ អំណាន រដ្ឋលេខាធិការ តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោក ណៃគង់ អភិបាលរងខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៉ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត ព្រះសង្ឃគ្រប់ព្រះអង្គទាំង២គណ: មន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះលោក ណៃគង់ បានមានមតិសំខាន់ថា រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការនិងសាសនា និងគណៈសង្ឃគ្រប់លំដាប់ថ្នាក់ ក្នុងការគាំទ្រ និងអនុវត្តខ្លឹមសារអនុសំវច្ឆរមហាសន្និបាតឲ្យមានប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន ជាពិសេសការលើកកម្ពស់ការផ្សព្វផ្សាយព្រះធម៌ ការអប់រំសីលធម៌សង្គម ការពង្រឹងសាមគ្គីភាពសាសនា និងការចូលរួមរបស់សាសនាក្នុងការអភិវឌ្ឍខេត្ត ស្របតាមគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។
ព្រះមេគណខេត្តព្រះសីហនុ បានមានព្រះថេរៈដីកាថា ការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាត លើកទី៣៣ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការធានាឲ្យគោលការណ៍ និងសេចក្តីសម្រេចរបស់គណៈសង្ឃថ្នាក់ជាតិ ត្រូវបានយកទៅអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន ព្រមទាំងជួយបណ្តុះស្មារតីសីលធម៌ កតញ្ញូ សាមគ្គីភាព និងការរួមរស់ដោយសន្តិភាព ក្នុងសង្គម។
ឯកឧត្តម សាយ អំណាន បានមានប្រសាសន៍បញ្ជាក់ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ជាវេទិកាសំខាន់សម្រាប់បូកសរុបការងារ កំណត់ទិសដៅអនុវត្តបន្ត និងពង្រឹងវិន័យសង្ឃ សីលធម៌ និងតួនាទីព្រះពុទ្ធសាសនា ក្នុងការរួមចំណែកអភិវឌ្ឍសង្គមនិងបណ្តុះស្មារតីសាមគ្គីភាពជាតិ និងគុណតម្លៃព្រះពុទ្ធសាសនា ឲ្យបន្តដើរតួនាទីជាសសរស្តម្ភផ្លូវចិត្ត និងសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយសន្តិភាព ស្ថិរភាព និងចីរភាព។



