សាលាក្តីខ្មែរក្រហមបានផ្សព្វផ្សាយពីការរួមចំណែករបស់ខ្លួនក្នុង ការស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងសន្តិភាព នៅបណ្ឌិត្យសភានគរបាលកម្ពុជា
នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ម្សិលមិញនេះ អង្គ ជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វី.ត.ក.) ដែលហៅកាត់ថា សាលាក្តីខ្មែរក្រហម បានរៀបចំបាឋកថាដ៏មានអត្ថន័យមួយក្រោម ប្រធានបទ៖«ការចូលរួមរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងការស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងសន្តិភាពនៅកម្ពុជា» នៅ បណ្ឌិត្យសភានគរបាលកម្ពុជា ដោយទទួលបានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រុនគរបាលជាតិ មន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា និងនីស្សិតប្រមាណ១២០០រូប។
ជាកិច្ចចាប់ផ្តើមកម្មវិធីឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានបង្ហាញ នូវរបាយការណ៍ស្វាគមន៍ដោយបានគូសបញ្ជាក់ថា កន្លងមក បណ្ឌិត្យសភាធ្លាប់បានអញ្ជើញវាគ្មិនដែលមានបទពិសោធ ស្នាដៃ ទេពកោសល្យ ជំនាញវិជ្ជាជីវៈ មកធ្វើបាឋកថាជាបន្តបន្ទាប់ ដើម្បី ចែករំលែកចំណេះដឹងនិងបទពិសោធល្អៗលើប្រធានបទនានា ដែលជា តម្រូវការនិងភាពចាំបាច់របស់បណ្ឌិត្យសភាឬអ្នកសិក្សា ក្នុង គោលបំណងលើកកម្ពស់គុណភាព សមត្ថភាព និងពង្រីកចំណេះដឹង ដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រុនគរបាលជាតិ និងមន្ត្រីនគរបាលជាតិ ព្រមទាំងសិក្ខាកាម នីស្សិត និងសិស្សនគរបាល នៅបណ្ឌិត្យសភា នគរបាលកម្ពុជា។
ថ្លែងចំណាប់អារម្មណ៍ក្នុងការបើកកម្មវិធីបាឋកថា ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី នៃ អ.វ.ត.ក.បានមានប្រសាសន៍ថា កម្មវិធីបាឋកថានៅពេលនេះពិតជាមាន អត្ថន័យនិងមានសារៈសំខាន់ ដែលស្ថាប័នទាំងពីរ គឺ អ.វ.ត.ក. និង បណ្ឌិត្យសភានគរបាលកម្ពុជា ដែលជាស្ថាប័នសម្រាប់បណ្តុះបណ្តាល ធនធានមនុស្ស ផ្តល់ការសិក្សាស្រាវជ្រាវិ ចែករំលែកចំណេះដឹងផ្នែក ច្បាប់ បានសហការគ្នាដើម្បីរៀបចំកម្មវិធីនេះឡើង។ ឯកឧត្តមបញ្ជាក់ថា នេះជាសកម្មភាពនៃការរួមចំណែកក្នុងឺដំណើរការផ្សព្វផ្សាយសច្ចធម៌ ប្រវត្តិសាស្ត្រ បណ្តុះបណ្តាល ស្រាវជ្រាវ និងអនុវត្តច្បាប់ និងស្វែងរក យុត្តិធម៌ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព តម្លាភាព ការគោរពនីតិរដ្ឋនិង សិទ្ធិមនុស្ស ការពង្រឹងសមត្ថភាពធនធានមនុស្ស ព្រមទាំងរួមចំណែក ក្នុងការថែរក្សានិងការពារសន្តិភាព និងការផ្សះផ្សាជាតិ។ ការងារ ទាំងនេះជាពិសេសសការផ្សព្វផ្សាយអំពីសច្ចធម៌ប្រវត្តិសាស្ត្រ មិនមែន ជាការងាររបស់ស្ថាប័នតែមួយនោះទេ ប៉ុន្តែជាការងាររួមដែលត្រូវការ ការភ្ជាប់គ្នារវាងអតីតកាល បច្ចុប្បន្ន និងអនាគត។
ក្នុងកម្មវិធីនេះអ្នកចូលរួមទាំង១២០០នាក់បានស្តាប់បទបង្ហាញដ៏មានតម្លៃ ពីក្រុមការងារអ.វ.ត.ក. និង លោក Martin Karopkin ចៅក្រម អន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបាន លើកឡើងពីតួនាទីសំខាន់របស់តុលាការនេះក្នុងការនាំមកនូវយុត្តិធម៌ ការលើកកម្ពស់ការបង្រួបបង្រួមជាតិ និងការរក្សាសន្តិភាពយូរអង្វែងនៅ កម្ពុជា។ បាឋកថាបានបញ្ចប់ទៅជាមួយ វគ្គសំណួរ-ចម្លើយដ៏ផុសផុល ដែលអ្នកចូលរួមបានផ្លាស់ប្តូរយោបល់ និងឺពង្រឹងការយល់ដឹងអំពី យុត្តិធម៌អន្តរកាល និងកេរដំណែលដ៏មានសារៈសំខាន់របស់ អ.វ.ត.ក.។
សូមបញ្ជាក់ថា បន្ទាប់ពីការងារយុត្តាធិការត្រូវបានបញ្ចប់នៅ ចុងឆ្នាំ២០២២ អ.វ.ត.ក. បានបន្តអនុវត្តការងារសេសសិល់សម្រាប់ រយៈពេល៣ឆ្នាំដំបូង (២០២៣-២០២៥) ហើយត្រូវបានបន្តរហូតដល់ ឆ្នាំ២០២៧។ នៅក្នុងដំណាក់កាលនេះ អ.វ.ត.ក. បានបង្កើតមជ្ឈមណ្ឌល ធនធាន អ.វ.ត.ក. ដែលមាន៦ សមាសភាគ (១) បណ្ណសារដ្ឋាន (២) បណ្តាល័យ (៣) សាលពហុបំណងឬសាលសវនាការ (៤) សាល តាំងពិព័រណ៍អចិន្ត្រៃយ៍ (៥) គេហទំព័រអន្តរកម្ម (៦) ឧទ្យានសម្រាប់ការ ចងចាំ ព្រមទាំងបង្កើតឱ្យមានមជ្ឈមណ្ឌលធនធានអ.វ.ត.ក.ចល័ត (រថយន្តក្រុងចល័ត) ដើម្បីនាំយកសមិទ្ធផលនិងកេរដំណែលរបស់ អ.វ.ត.ក. ទៅផ្សព្វផ្សាយដល់សិស្សានុសិស្សនៅតាមរាជធានី ខេត្ត៕



