សារៈសំខាន់នៃការគ្រប់គ្រងកាកសំណល់ថ្មពិលបានត្រឹមត្រូវ

យោងតាមទន្និន័យរបស់គេហទំព័រ Observatory of Economic Complexity (OEC)  កម្ពុជាគឺជាប្រទេសនាំចូលថ្មពិលធំជាងគេ ដែលជាប់ចំណាត់ថ្នាក់លេខ១០០ ក្នុងចំណោម ២២៣ប្រទេសនៅលើពិភពលោក។ ថ្មពិលត្រូវបាននាំចូលក្នុងទឹកប្រាក់ប្រមាណជា ៦,៨លានដុល្លារក្នុងមួយឆ្នាំ។ លំហូរនៃការនាំចូលដ៏សន្ធឹកសន្ធាប់នេះ បានបន្សល់នូវកាកសំណល់ថ្មពិលជាច្រើនដែលមិនត្រូវបានប្រើប្រាស់ឡើងវិញ និងមិនត្រូវបានទុកដាក់ត្រឹមត្រូវដែលជាកត្តារួមចំណែកដល់ការបំពុលបរិស្ថានមួយ។

សំណល់អាគុយ សំណល់ថ្មពិល សំណល់បរិក្ខារអគ្គិសនី និងឧបករណ៍អេឡិចត្រូនិក ដូចជាទូរសព្ទដៃ កុំព្យូទ័រ ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនព្រីន និងម៉ាស៊ីនថតចម្លង សុទ្ធសឹងតែមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់។ សារធាតុគីមីទាំងនេះ រួមមាន សំណ កាត់ម៉្ញូម នីកែល និងបារតជាដើម។  ប្រសិនបើត្រូវបានស្រូបចូលតាមរយៈបរិយាកាស ឬតាមរយៈការទទួលទានទឹក សារធាតុទាំងអស់នេះអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជាក់ស្តែង ថ្មលីចូម គឺងាយនឹងបង្កឱ្យមានភ្លើងឆាបឆេះកន្លែងចាក់សំរាម និងបញ្ចេញឧស្ម័នដែលបង្កគ្រោះថ្នាក់ទៅក្នុងបរិយាកាស។ សំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ ព្រោះមានផ្ទុកសារធាតុពុលដែលមានកម្រិតជាតិពុលខ្លាំង។ នៅពេលដែលសំណល់ថ្មពិលរលួយ សារធាតុគីមីទាំងនោះនឹងជ្រាបចូលទៅក្នុងដី និងទឹក ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។

ដើម្បីលើកទឹកចិត្តឱ្យមានការទុកដាក់កាកសំណល់ថ្មពិលបានត្រឹមត្រូវ សំដៅចូលរួមកាត់បន្ថយផលប៉ះពាល់នៃការបោះចោលកាកសំណល់ថ្មពិលពាសវាលពាលកាល ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល តាមរយៈពង្រាយធុងដាក់សំណល់ថ្មពិលនៅតាមទីតាំងមួយចំនួនដូចជាបុរី ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ តេលាស៊ុបភើម៉ាតជាដើម។ ជាក់ស្តែង  សាធារណជននឹងឃើញធុងទទួលសំរាមថ្មពិលនៅផ្សារទំនើបជីបម៉ុងនរោម៉ល និងជីបម៉ុងបាក់ទូក បុរីប៉េង ហួត បឹងស្នោរ និងស្ថានីយប្រេងឥន្ធនៈភីធីធីវត្តនាគវ័ន បូកគោ ផ្សារតូច និងបឹងស្នោរ និងទីតាំងមួយចំនួនទៀត។ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងយកសំណល់ថ្មពិលមកទុកដាក់ឱ្យបានត្រឹមត្រូវ និងលុបបំបាត់ការបោះសំណល់ថ្មពិលលាយលំជាមួយសំណល់ធម្មតា ក្រសួងបរិស្ថានបានប្រកាសពីផែនការក្នុងការបន្តពង្រាយធុងដាក់សំណល់ថ្មពិលនៅតាមទីតាំងផ្សេងទៀតផងដែរ។

ក្រៅពីនេះ ក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា (Ecobatt Energy Cambodia) ក៏បានសហការជាមួយក្រសួងបរិស្ថានក្នុងការប្រមូលសំណល់អាគុយ សំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ពីគ្រឹះស្ថានឯកជនដូចជា សាលារៀនអន្តរជាតិCIA ផ្សារទំនើបAEON Mall និងតាមបណ្តាក្រុមហ៊ុនឯកជនជាច្រើនទៀត ដើម្បីយកមកទុកដាក់ឱ្យបានត្រឹមត្រូវ ហើយមិនប៉ះពាល់ដល់បរិស្ថាន។

ដើម្បីគ្រប់គ្រងសំណល់ថ្មពិលប្រកបដោយប្រសិទ្ធភាព សំដៅកាត់បន្ថយផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន ទាមទារកត្តារួមចំណែកជាច្រើន ដូចជាការអភិវឌ្ឍន៍បច្ចេកវិទ្យាកែច្នៃឡើងវិញប្រកបដោយប្រសិទ្ធភាព និងការអនុវត្តស្តង់ដារសកលសម្រាប់ការទុកដាក់កាកសំណល់ថ្មពិល និងការរីកចំរើននៃបច្ចេកវិទ្យាថ្មពិលដែលមិនប៉ះពាល់ដល់បរិស្ថាន ជាមួយគ្នានឹងការបន្តលើកម្ពស់ការយល់ដឹងសាធារណៈពីការបោះចោលសំរាមតាមប្រភេទបានត្រឹមត្រូវ និងការបញ្ជ្រៀបគោលការណ៍ប្រើប្រាស់ឡើងវិញ និងការចូលរួមពីប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធទាំងអស់ក្នុងសង្គមគឺពិតជាមានសារៈសំខាន់៕

រូបភាព៖ Ecobatt Energy Cambodia

ដោយ៖ លោកស្រី យ៉ាន ធឿងរតនៈ