សាធារណរដ្ឋឆែកកត់ត្រារលកកំដៅក្តៅបំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២៦នេះ ដោយសារការប្រែប្រួលអាកាសធាតុនៅទ្វីបអឺរ៉ុប ដែលវាទំនងកើនឡើងជាង២០០ដងឯណោះ
សាធារណរដ្ឋឆែកបានជួបប្រទះនូវរលកកំដៅដ៏ក្តៅបំផុតរបស់ខ្លួនជាលើកទីពីរជាប់ៗគ្នាកាលពីថ្ងៃអាទិត្យនេះ ស្របពេលដែលវិទ្យាស្ថានឧតុនិយមឆែកបាននិយាយថា សីតុណ្ហភាពបានកើនឡើងដល់ ៤១,១ អង្សាសេ នៅក្នុងទីក្រុង Doksany ភាគខាងជើងប្រទេស។ កំណត់ត្រាលើកមុនគឺត្រឹមចំនួន ៤០,៩ អង្សាសេប៉ុណ្ណោះនៅទីតាំងដដែលកាលពីថ្ងៃសៅរ៍។ រលកកំដៅទ្វីបអឺរ៉ុបពេលនេះ បាននឹងកំពុងបំផ្លិចបំផ្លាញប្រទេសមួយចំនួននៅប៉ែកអឺរ៉ុបខាងលិចក្នុងសប្តាហ៍នេះ ដែលបច្ចុប្បន្នវាកំពុងបានផ្លាស់ទីទៅកាន់ផ្នែកកណ្តាល និងខាងកើតនៃទ្វីបដ៏ធំមួយនេះដែរ។ សីតុណ្ហភាពបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានទេ ចាប់តាំងពីប្រទេសស្វីសដែលជាប្រទេសមានសីតុណ្ហភាពត្រជាក់ ធ្លាក់ទឹកកកសឹងតែពេញមួយឆ្នាំៗ រហូតដល់ប្រទេសដាណឺម៉ាកហើយកាលពីចុងសប្តាហ៍នេះ។ ការសិក្សាមួយដោយស្ថាប័ន World Weather Attribution បានបង្ហាញថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានរលកកំដៅដ៏សែនក្តៅបែបនេះកើតឡើង ដែលវាទំនងជាកើតឡើងច្រើនជាង២០០ដងឯណោះ។ ប្រធានអង្គការសុខភាពពិភពលោកបានព្រមានថា ទ្វីអឺរ៉ុបបច្ចុប្បនេះគឺជាទ្វីបមួយដែលមានកំដៅក្តៅលឿនបំផុត ហើយត្រូវធ្វើអ្វីបន្ថែមទៀត ដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួន តាមគ្រប់មធ្យោបាយ និង គ្រប់ទីកន្លែងតាមលទ្ធភាពដែលអាចធ្វើបាន៕
សម្រួលអត្ថបទ៖ សុផារិន្ទ






