សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ប្រគេនបច្ច័យកឋិនទានសាមគ្គី ដល់វត្តភ្នំក្អោង ស្រុកកំពង់សីលា និងចែកអំណោយសិក្សាជូនសិស្សានុសិស្ស
ខេត្តព្រះសីហនុ៖ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះសីហនុ តំណាងលោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះសីហនុ នៅព្រឹកទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំសមាជិក សមាជិកា អញ្ជើញចុះចែកអំណោយជាថវិកា និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន ១៤៥ឈុត និងនំ ២កេសធំ ព្រមទាំងប្រគល់ថវិកាជូនដល់សាលារៀន និងលោកគ្រូ អ្នកគ្រូ ចំនួន ៤៤០.០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ម៉ាក សំណាង និងសមាជិក សមាជិកា សាខា សមាគមនារីកម្ពុជា ខេត្តព្រះសីហនុ ក៏បានអញ្ជើញចូលរួមក្នុងពិធីបុណ្យអង្គកឋិនទានសាមគ្គី រួមជាមួយបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ដើម្បីដង្ហែវេប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា នៅវត្តភ្នំក្អោង ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្នុងឱកាសសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស លោកស្រី ម៉ាក សំណាង បានមានប្រសាសាសន៍ផ្តាំផ្ញើថា ក្មួយៗសិស្សានុសិស្សទាំងអស់គឺជាទំពាំងស្នងឬស្សី ដូច្នេះត្រូវខិតខំរៀនសូត្រ និងស្តាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ទុកជាទុននិងទ្រព្យសម្រាប់អនាគត។ ទន្ទឹមនឹងនេះ លោកស្រីក៏បានជំរុញឱ្យក្មួយៗចូលរួមថែរក្សាអនាម័យ និងបរិស្ថានឱ្យបានស្អាតល្អ ទាំងក្នុងបរិវេណសាលារៀន នៅតាមគេហដ្ឋាន និងជុំវិញភូមិ-ឃុំ។
បន្ទាប់ពីជួបសំណេះសំណាលជាមួយសិស្សានុសិស្សរួចមក លោកស្រី និងសមាជិក សមាជិកា បានប្រគេនបច្ច័យជូនព្រះសង្ឃគ្រប់ព្រះអង្គ និងបច្ច័យកសាង រួមទាំងជូនដល់តាជី យាយជី ក្រុមឆៃយាំ និងប្រជាការពារ ដោយបច្ច័យសរុបទាំងអស់មានចំនួន ២.៧៣០.០០០រៀល។
ជាមួយគ្នានេះដែរ លោកស្រី ម៉ាក សំណាង បានលើកឡើងអំពីតម្លៃនៃវិស័យព្រះពុទ្ធសាសនា និងពិធីបុណ្យកឋិនទានថា តាមពុទ្ធវិន័យ វត្តអារាមនីមួយៗអាចទទួលអង្គកឋិនទានបានតែម្តងគត់ក្នុងរយៈពេល២៩ថ្ងៃនៃរដូវកឋិន។ ពិធីបុណ្យកឋិនទានគឺជាការរួមចំណែកទំនុកបម្រុងចតុបច្ច័យដល់ភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ដើម្បីប្រើប្រាស់ក្នុងការគង់នៅ សិក្សារៀនសូត្រ និងកសាងអភិវឌ្ឍន៍ទីវត្តអារាម។ លោកស្រីបានបន្តថា សម្ភារៈសំខាន់នៃអង្គកឋិនទានមានត្រៃចីវរ (ស្បង់ ត្រៃ ចីវរ) រួមជាមួយបរិក្ខារផ្សេងៗ និងបច្ច័យសង្កត់ត្រ័យ (ប្រវារណាកឋិន) ដែលពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសបានរួមគ្នាចូលរួម។ លើសពីការបំពេញកុសលតាមគន្លងព្រះពុទ្ធសាសនា ពិធីបុណ្យនេះក៏បានបង្ហាញពីស្មារតីរួបរួមសាមគ្គីភាព ការចេះជួយគ្នាទៅវិញទៅមក និងការថែរក្សាលើកស្ទួយវប្បធម៌ ប្រពៃណីជាតិឱ្យគង់វង្សយូរអង្វែងផងដែរ៕


