សាខាកាកបាទក្រហមខេត្តព្រះសីហនុ នាំយកអំណោយសប្បុរធម៌ជូនដល់គ្រួសារជនរង គ្រោះ ក្នុងករណីអគ្គិភ័យឆាបឆេះផ្ទះចំនួន ២គ្រួសារ នៅស្រុកព្រៃនប់

ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រធានគណៈកម្មការសាខា បានចាត់ឱ្យក្រុមការងារ រួមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់គ្រួសាររងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
លោក គាំ សុខុម នាយកសាខាកាកបាទ ក្រហមខេត្ត និងលោក អ៉ី ធារិន ប្រធានគណៈកម្មាធិការ អនុសាខា ស្រុកព្រៃនប់ បានពាំនាំនូវការផ្ដាំផ្ញើ និងសួរសុខទុក្ខរួមទាំងចូល រួមរំលែកទុក្ខគ្រួសារសព ពីសំណាក់
ឯកឧត្តម ប្រធានគណៈកម្មការសាខា ដែល ជួបឧប្បត្តិហេតុអគ្គីភ័យឆាបឆេះផ្ទះ បណ្ដាល ឲ្យបាត់បង់ជីវិត កូនៗ ចំនួន៣នាក់ នៅកន្លែងកើតហេតុតែម្ដង និងបានក្រើនរំលឹកដល់គ្រួសាររងគ្រោះអោយមានការប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេសគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែសណាមួយ ជាហេតុការដែលមិនអាចដឹងទុកមុន។
អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកមកជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះទាំងស្រុងចំនួន ២គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ២បាវ ស្មើនឹង ៥០គីឡូក្រាម ត្រីខ ២យួរ មី ១កេស ទឹកត្រី ១យួរ តង់១ កន្ទេល១ រួមទាំងសម្ភារៈផ្ទះបាយ ១ឈុត ឃីតចំនួន ១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១លានរៀល។ ដោយឡែក គ្រួសារដែលរងផលប៉ះ ពាល់នៃគ្រោះអគ្គីភ័យខាងលើ ទទួលបាន អង្ករ១បាវ ស្មើនឹង ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ កន្ទេល១ និងឃីតចំនួន ១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ២០ម៉ឺនរៀលផងដែរ។