សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រារព្ធខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ទទួលបានថវិកាចំនួនជាង ១០មុឺនដុល្លារអាមេរិក ពីសប្បុរសជនទាំងអស់ដែលបានបរិច្ចាគថវិកាចូលរួមក្នុងសកម្មភាពមនុស្សធម៌ក្នុងខេត្តក្រចេះ
(ក្រចេះ)៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួប ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ “ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ទទួលបានថវិកាចំនួន ចំនួន ១០២ ៩៧៩,៨១ ដុល្លារអាម៉េរិកពីសប្បុរសជនទាំងអស់ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីគាំទ្រ និងចូលរួមក្នុងសកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាកក្នុងខេត្តក្រចេះ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នាសាលមហោស្រពខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងយុវជនកាកបាទក្រហម ប្រមាណជាង ៥០០នាក់។
ការចូលរួមបរិច្ចាគថវិកាពីសប្បុរសជននាពេលនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការគាំទ្រយ៉ាងសកម្មចំពោះបេសកកម្មមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ក្នុងការជួយសង្គ្រោះ និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ និងជីវភាពខ្វះខាត។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគថវិកាចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ។ សូមសប្បុរសជន បន្តចូលរួមតាមលទ្ធភាព។ ការចូលរួមរបស់លោក លោកស្រី គឺជាកម្លាំងដ៏សំខាន់សម្រាប់ធ្វើឱ្យកាកបាទក្រហមអាចបន្តបេសកកម្មមនុស្សធម៌បានយ៉ាងទូលំទូលាយ។ សូមយុវជន បន្តស្ម័គ្រចិត្ត បន្តរៀនសូត្រ បន្តអប់រំខ្លួនឯង និងបន្តក្លាយជាគំរូនៃការជួយសង្គម។ សូមប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីជួយគ្នា ចែករំលែកគ្នា និងមិនទុកអ្នកលំបាកឱ្យនៅឯកោ ។
ក្នុងឱកាសនោះដែរ តំណាងសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានបន្តចូលរួមគាំទ្រសកម្មភាពមនុស្សធម៌ ដោយចាត់ទុកការចូលរួមនេះ ជាកម្លាំងចលករសំខាន់ក្នុងការជួយលើកកម្ពស់សុខុមាលភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់វិភាគទានដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាក រងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ឱ្យចំគោលដៅ មានគណនេយ្យភាព និងមានប្រសិទ្ធិភាពខ្ពស់៕



