សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ និងចែកអំណោយជូនស្ត្រីចំនួន ១៣៣នាក់

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមជាមួយសមាជិក សមាជិកា សប្បុរសជន និងក្រុមប្រតិបត្តិសាខា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ “ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ២០២៦”។ ពិធីនេះត្រូវបានរៀបចំឡើងនៅសាលាបច្ចេកទេសដុនបូស្កូ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមប្រធានបទ៖ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ»។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានបានអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។ ឯកឧត្តមក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនស្ត្រីទាំងអស់។
ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ពីសារៈសំខាន់នៃ៖
• ការលើកកម្ពស់សុខភាពមាតា និងទារក ស្របតាមយុទ្ធសាស្ត្រជាតិឆ្នាំ២០២៥-២០៣០។
• ការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូន។
• ការថ្លែងអំណរគុណដល់គ្រូពេទ្យ បុគ្គលិកសុខាភិបាល និងសប្បុរសជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើសេវាសុខាភិបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
សម្ភារផ្ដល់ជូនគ្រួសារស្ត្រី និងទារកទាំង ១៣៣នាក់
ក្នុងពិធីនេះ គ្រួសារនីមួយៗទទួលបានអំណោយមនុស្សធម៌ រួមមាន៖
• គ្រឿងឧបភោគបរិភោគ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ប៊ីចេង ១គីឡូក្រាម។
• សម្ភារប្រើប្រាស់៖ កន្ទេល ១, ឃីត ១កញ្ចប់ (សារុង១ ភួយ១ មុង១ ក្រមា១)។
• ឃីតសម្រាប់ទារក៖ អាវ-ខោ ២ឈុត, ស្រោមដៃ-ស្រោមជើង ២គូ, ខោទឹកនោម ១យួរ, សាប៊ូម្សៅ ១កញ្ចប់, ដបទឹកដោះគោ ១, សាប៊ូកូនក្មេង ១ដប និងកន្សែងពោះគោ ១។
• ថវិកាឧបត្ថម្ភ៖ ចំនួន ៥០,០០០ រៀល។

សម្រួលអត្ថបទ៖ ម៉ារ៉ាឌី