សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ប្រគល់ផ្ទះផ្ទះចំនួន ៤ខ្នង ជូនដល់គ្រួសារទីទ័លក្រ ជនពិការ ភាព និងជនចាស់ជរាគ្មានទីពឹងចំនួន ៤គ្រួសារ នៅស្រុកព្រៃនប់ និងស្រុកកំពង់សីលា

នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ បានដឹកនាំ សមាជិកសមាជិកាគណៈកម្មាធិការសាខា ឧកញ៉ា អ្នកឧកញ៉ា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត ចុះប្រគល់ផ្ទះ ចំនួន ៤ខ្នង ទំហំ ៤មx៨ម ធ្វើអំពីដែកជញ្ជាំងស៊ីម៉ងម៍ ដំបូលប្រក់ស័ង្កសីក្រុមហ៊ុន មានចង្ក្រានបាយ តយាបមុខ  និងបង្គន់អនាម័យ តាមផែនការសកម្មភាពឆ្នាំ២០២៥ ស្ថិតនៅក្នុងឃុំជើងគោ១ខ្នង ឃុំតានៃ១ខ្នង ក្នុងស្រុកព្រៃនប់ និងឃុំកំពង់សីលា២ខ្នង ក្នុងស្រុកកំពង់ សីលា។
នាឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទ ក្រហមកម្ពុជា”។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់ នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

ក្រៅពីការប្រគល់ផ្ទះ  សាខាផ្តល់ជូនបន្ថែមនូវសម្ភារ: ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ៥០គ.ក កន្ទេល ១ ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ កន្ទេល១ ទឹកត្រី១យួរ ស្បែកជើង ៥គូរ សម្ភារៈផ្ទះបាយ ១ឈុត និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល ក្នុងពេលនោះដែលសមាជិកគណ:កម្មាធិការសាខា បានឧបត្ថម្ភបន្ថែមក្នុង១គ្រួសារ៤០ម៉ឺនរៀល ៕