សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនាំយកអំណោយសប្បុរសធ៌មជូនដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន ៦៥នាក់ នៅស្រុកព្រៃនប់

នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន ៦៥ នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមស្វាគមន៍ការមកដល់ស្រុកកំណើត ព្រោះគ្មានទីណាស្រួលជាងផ្ទះយើង និងស្រុក កំណើតរបស់យើងនោះទេ យើងមានការងារជាច្រើននៅតាមបណ្តារោងចក្រនៅក្នុងស្រុករបស់យើង។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំធ្វើការអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើន ជាពិសេសនៅខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងត្រូវការកម្លាំងពលកម្មជាង ៦ពាន់កន្លែង ទន្ទឹមនោះ យើងក៏ត្រូវការកម្លាំងផ្នែកសំណង់ជាច្រើនរយនាក់ នៅក្នុងក្រុងព្រះសីហនុ។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាល បានធ្វើការអភិវឌ្ឍប្រទេសជាតិ និងទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ត្រូវការកម្លាំងពលកម្មជាច្រើនពាន់នាក់ ម្យ៉ាងទៀតការធ្វើការងារនៅស្រុកយើង ជួយអភិវឌ្ឍសេដ្ឋកិច្ចស្រុករបស់យើងមានការលូតលាស់រីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ទន្ទឹមនោះ សម្តេចទាំងទ្វេរចង់បានព្រំដែនមានសុខសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រោះការបង្កសង្គ្រាមវានាំឱ្យយើងព្រាត់ប្រាស់គ្រួសារ បងប្អូន កូន ចៅ ហើយការអភិវឌ្ឍប្រទេសជាតិ ក៏មានការថយចុះ។

ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ ចេញនូវគោលនយោបាយប្រាក់សោធនិវត្តជូនដល់បុគ្គលិក កម្មករ និយោជិត ហើយអត្ថប្រយោជននៃប្រាក់សោធនិវត្ត និងបណ្ណ ប.ស.ស វាបានផ្តល់អត្ថប្រយោជន៍ ៣យ៉ាងដូចជា ១.អត្ថប្រយោជន៍ផ្នែកសុខភាព ២.អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ ៣.ប្រាក់សោធននិវត្តន៍។ ហើយចំពោះស្រ្តីមានផ្ទៃពោះ អាចទៅពិនិត្យផ្ទៃពោះ រហូតដល់កុមារអាយុ ២ឆ្នាំ ចំនួន ១៤លើក ក្នុងមួយលើកទទួលបានថវិកា ៨ម៉ឺនរៀល ព្រោះរាជរដ្ឋាភិបាលចង់ឱ្យកូនចៅរបស់យើងមានសុខភាពល្អគ្រប់ៗគ្នា ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹក រលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបង ប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃនាពេលនេះ សូមមានសុខភាពល្អគ្រប់គ្នា។ រាជរដ្ឋាភិបាល ក៏បានគិតគូរក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជននៅតាមមជ្ឍមណ្ឌលបណ្តុះ បណ្តាលសាលារដ្ឋ និងសាលាបណ្តុះបណ្តាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយការចូលរៀនផ្នែកវិជ្ជាជីវៈ រាជរដ្ឋា ភិបាលនឹងផ្តល់ថវិកាក្នុងមួយខែ ២៨ម៉ឺនរៀលបន្ថែមទៀត ដើម្បីឱ្យយុវជនរបស់យើងមានជំនាញវិជ្ជាជីវៈស្របទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ដូច្នេះទាម ទារឱ្យយុវជនរបស់យើងមាន ចំណេះដឹង ជំនាញ និងបំណិនជីវិតស្របទៅនឹងបច្ចេកវិទ្យាទំនើប កាលណាយើងមានជំនាញបច្ចេកទេសងាយស្រួលរកការងារធ្វើ និងទទួលបានប្រាក់ខែកាន់តែច្រើនថែមទៀតផង។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុឧបត្ថមជូនពលករវិលពីប្រទេសថៃចំនួន ៦៥នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូ ក្រាម មី ១កេស ទឹកត្រី១យួរត្រីខកំប៉ុង ១យួរ ឃីតមួយកញ្ចប់ ( ក្រមា១ សារុង១ មុង១ ភួយ១ ) កន្ទេល១ និងថវិកា ១០ម៉ឺនរៀល៕