សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ប្រារព្ធពិធីប្រគល់សញ្ញាបត្រលើកទី១០ ក្រោមប្រធានបទ «អបអរសាទរ ១០ ឆ្នាំនៃការបណ្តុះបណ្តាលអ្នកកសាងជាតិ និងអ្នកដឹកនាំសកល»

នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ប្រារព្ធពិធីប្រគល់សញ្ញាបត្រលើកទី១០ ក្រោមប្រធានបទ «អបអរសាទរ ១០ ឆ្នាំនៃការបណ្តុះបណ្តាលអ្នកកសាងជាតិ និងអ្នកដឹកនាំសកល» នៅសណ្ធាគារ សុខាភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាស្ថាបនិកសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

ពិធីប្រគល់សញ្ញាបត្រក្នុងថ្ងៃនេះ គឺជាចំណុចសំខាន់មួយក្នុងដំណើរការរបស់សាកលវិទ្យាល័យក្នុងការលើកកម្ពស់ឧត្តមភាពសិក្សា នវានុវត្តន៍ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ព្រមទាំងអបអរសាទរនិស្សិតជំនាន់ឆ្នាំ ២០២៦ និងរយៈពេលមួយទសវត្សរ៍នៃការបណ្តុះបណ្តាលអ្នកដឹកនាំអនាគតដែលបង្កើតឥទ្ធិពលវិជ្ជមាននៅកម្ពុជា និងលើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកទ្បើងថា ក្នុងពិធីប្រគល់សញ្ញាបត្រលើកទី១០ របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញនេះ មិនត្រឹមតែជាការអបអរសាទរលទ្ធផលសិក្សារបស់ក្មួយៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា ចំណុចមួយនៃការផ្សារភ្ជាប់ការអប់រំទៅនឹងដំណើរអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាផ្សារភ្ជាប់ជោគជ័យ របស់សិស្សនិស្សិតម្នាក់ៗទៅនឹងអនាគតរបស់ប្រទេសកម្ពុជា។ ពិភពលោកទាំងមូលកំពុងឈានចូលយុគសម័យថ្មីដែលគូសវាសដោយបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត និងប្រព័ន្ធដែលដំណើរការផ្អែកលើទិន្នន័ យ ដូច្នេះចរន្តថ្មីទាំងនេះមិនត្រឹមតែកែប្រែពាណិជ្ជកម្មតាមវិស័យប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងកែប្រែរបៀបរប ធ្វើការរបស់បណ្តារដ្ឋាភិបាល សណ្ឋាននៃការប្រកួតប្រជែងរវាងបណ្តាប្រទេស និងដំណើរការនានា នៅក្នុងសង្គម។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ចំពោះកម្ពុជាបានកំណត់ទិសដៅច្បាស់លាស់សម្រាប់”បច្ចេកវិទ្យា” ត្រូវបានបញ្ចូលជាអាទិភាពគន្លឹះ ទី៥ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់យើង ដែលរំលេចឱ្យឃើញអំពីទស្សនៈជាមូលដ្ឋានគ្រឹះមួយថា បច្ចេកវិទ្យាមិនមែនជាវិស័យមួយទេ វាជាឃ្នាស់សម្រាប់ជំរុញគ្រប់វិស័យ។ លើមាគ៌ាជាតិដែលបានដាក់ចេញនេះ ការអប់រំដើរតួនាទីយ៉ាងសំខាន់សាកលវិទ្យាល័យលែងជាស្ថាប័នសម្រាប់តែការសិក្សាមួយមុខហើយ ប៉ុន្តែត្រូវក្លាយជាទីប្រជុំនៃធនធានមនុស្ស នវានុវត្តន៍ និងសមត្ថភាពឌីជីថល។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានលើកទ្បើងថា សាកលវិទ្យាល័យមានតួនាទីបណ្តុះបញ្ញាញាណរបស់ជាតិក្នុងការ
រចនាប្រព័ន្ធឌីជីថល យកបញ្ញាសិប្បនិម្មិតទៅប្រើប្រាស់តាមមុខងារផ្សេងៗ និងដឹកនាំកាច់ចង្កូតស្ថាប័នក្នុងពិភពលោកដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
ដូច្នេះស្ថាប័នដូចជាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញមានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការនាំយកស្តង់ដាអប់រំកម្រិតសាកលដើម្បីបម្រើអាទិភាពជាតិ។

សូមរម្លឹកថានិស្សិតឆ្នើមត្រូវបានទទួលស្គាល់តាមរយៈពានរង្វាន់កិត្តិយសជាច្រើនក្នុងថ្ងៃនេះ រួមមាន ពានរង្វាន់និស្សិតឆ្នើមសញ្ញាបត្ររបស់ Fort Hays State University, ពានរង្វាន់និស្សិតឆ្នើម UA Micro-campus, ពានរង្វាន់សិស្សឆ្នើម និងពានរង្វាន់ Founder’s Leadership Award 2026 ជាលើកដំបូង ហើយពានរង្វាន់ទាំងនេះមិនត្រឹមតែជាការអបអរសាទរឧត្តមភាពផ្នែកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំ ការបម្រើសង្គម និងស្មារតីនវានុវត្តន៍ ដែលជាតម្លៃស្នូលរបស់ AUPP៕