សហរដ្ឋអាមេរិកចេញផ្សាយ VDO វាយប្រហារដោយយោធារបស់ខ្លួននៅអ៊ីរ៉ង់! ខណៈដែលកិច្ចចរចារឈប់បាញ់របស់ពួកគេនៅតែមិនទាន់មានរូបរាងច្បាស់លាស់នៅឡើយ
កងបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានបង្ហោះរូបភាពវីដេអូលើប្រព័ន្ធផ្សព្វផ្សាយ X របស់ខ្លួននៃការវាយប្រហារដោយយោធារបស់ខ្លួនទៅលើអ៊ីរ៉ង់ ។ ការបង្ហោះនោះសរសេរថា “កងកម្លាំងសហរដ្ឋអាមេរិកបន្តលុបបំបាត់សមត្ថភាពនៃរបបរដ្ឋអ៊ីរ៉ង់ក្នុងការបង្ហាញអំណាចតាមរបៀបដែលមានអត្ថន័យនៅខាងក្រៅពីព្រំដែនអ៊ីរ៉ង់”។ ពួកគេមិនបាននិយាយច្បាស់ទេ ថាតើរូបភាពវីដេអូនេះត្រូវបានថតនៅកន្លែងណា ឬពេលណានោះទេ។ កាលពីថ្ងៃចន្ទប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមកំហែងបំផ្លាញយ៉ាងទូលំទូលាយនូវធនធានថាមពលរបស់អ៊ីរ៉ង់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត រួមទាំងរោងចក្រចម្រាញ់ទឹកប្រៃ ប្រសិនបើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយទីក្រុងតេអេរ៉ង់មិនត្រូវបានឈានសម្រេចបានក្នុងពេលឆាប់ៗខាងមុខនេះទេ។ លោក Trump បាននិយាយបន្ថែមថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf (ម៉ូហាម៉ាដ បាហ្គឺរ កាលីបាហ្វ) នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត New York Post ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទនេះ។ អតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍រូបនេះពីមុនត្រូវបានគេលើកឡើងថាជាដៃគូចរចារបស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែបានបដិសេធដែលថាអ៊ីរ៉ង់កំពុងនិយាយជាមួយសហរដ្ឋអាមេរិកនោះ ហើយលោកបាននិយាយថា ការពិភាក្សាដែលសម្របសម្រួលដោយប៉ាគីស្ថានគ្រាន់តែជាការរនាំងបិទបាំងសម្រាប់ការដាក់ពង្រាយកងទ័ពរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



