សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធពិធីថ្វាយព្រះរាជសព្ទសាធុការពរជ័យ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានប្រព្រឹត្តទៅនៅបរិវេណខាងមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ជាអភិរម្យសម័យថ្លៃថ្លា ដែលជាការឈានចូលមកដល់ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាបានប្រារព្ធពិធីថ្វាយព្រះរាជសព្ទសាធុការពរជ័យ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានប្រព្រឹត្តទៅនៅបរិវេណខាងមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។ ស្ថិតក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំជាកូនចៅ សូមលើកអញ្ជលីប្រណម្យបួងសួងដល់អស់វត្ថុសក្តិសិទ្ធិក្នុងលោក គុណបុណ្យរតនត្រៃ កែវទាំងបី បុណ្យបារមីទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ជាពិសេសដួងព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ សូមយាងប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរ មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបនូវព្រះរាជជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃកូនចៅប្រជានុរាស្រ្តតរៀងទៅ។