សហព័ន្ធយានយន្តគ្រោងរៀបចំព្រឹត្តិការណ៍សម្តែងបច្ចេកទេសដ៏ទាក់ទាញ ៥ថ្ងៃ អបអរពិធីសម្ពោធស្តូបឈ្នះឈ្នះ នៅខេត្តកោះកុង

សហព័ន្ធកីឡាយានយន្តកម្ពុជាគ្រោងនឹងរៀបចំកម្មវិធីការបង្ហាញបច្ចេកទេសយានយន្តដ៏ទាក់ទាញបំផុត ដែលឱ្យឈ្មោះថា Blackhawk Tire Trip Show រយៈពេល៥ថ្ងៃទី ពីថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធស្តូបនយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង។

ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធតែងតែជំរុញផ្សព្វផ្សាយវិស័យកីឡាយានយន្តឱ្យមានដំណើរការអភិវឌ្ឍន៍កាន់តែល្អប្រសើរបន្ថែមទៀត ជាក់ស្តែងនៅក្នុងទីលានហ្វឹកហាត់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ តែងតែមានកីឡាករចូលរួមហាត់សមបច្ចេកទេស ដើម្បីបង្កើនស្នាដៃកីឡាករខ្មែរយើងឱ្យកាន់តែល្អ ក៏ដូចជាត្រៀមចូលរួមបង្ហាញបច្ចេកទេស ក្នុងពិធីសម្ពោធស្តូបឈ្នះឈ្នះ នៅខេត្តកោះកុងផងដែរ។

ឯកឧត្តម អនុប្រធាន មានប្រសាសន៍ថា នៅក្នុងកម្មវិធីសម្តែងបង្ហាញបច្ចេកទេសយានយន្ត ដែលជាព្រឹត្តិការណ៍កីឡាអមពិធីសម្ពោធស្តូបនយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង សហព័ន្ធបានត្រៀមរថយន្ត៤គ្រឿង និងមានកីឡាករមួយចំនួនទៀតនឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាយានយន្តនេះផងដែរ។ ឯកឧត្តមសង្កត់ធ្ងន់បែបនេះថា៖ «សម្រាប់ការចូលរួមបង្ហាញបច្ចេកទេសកីឡាយានយន្ត ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធស្តួបឈ្នះឈ្នះ នៅខេត្តកោះកុង គឺជាមោទនភាពជាតិរបស់យើងទាំងអស់គ្នា ដោយពិធីសម្ពោធជាផ្លូវការគ្រោងនឹងធ្វើឡើង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ ក្រុមកីឡាយានយន្តគ្រោងនឹងធ្វើដំណើរកម្សាន្តពីវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ ឆ្ពោះទៅស្តូបឈ្នះឈ្នះ នៅខេត្តកោះកុង ហើយក៏មានកម្មវិធីបង្ហាញជាច្រើនទៀត នៅខេត្តកោះកុងផងដែរ»។ កម្មវិធីកីឡាយានយន្តឆ្ពោះទៅចូលរួមនៅខេត្តកោះកុងទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនផលិតផលសម្បកកង់ Blackhawk Tire ដែលផលិតដោយកូនខ្មែរក្នុងស្រុកមានគុណភាពខ្ពស់ និងអ្នកឧបត្ថម្ភគាំទ្រផ្សេងៗទៀត។

ជុំវិញវិស័យកីឡាយានយន្ត ឯកឧត្តម ទៀ ស្យាម លើកឡើងថា ដោយសារប្រទេសជាតិមានបញ្ហាព្រំដែន វិស័យកីឡាយានយន្តក៏ស្ងប់ស្ងាត់មិនសូវមានសកម្មភាពប្រកួតនោះឡើយ ខណៈការចូលរួមប្រកួតអន្តរជាតិ នៅក្រៅប្រទេសក៏បានលុបចោលមិនបានចូលរួមដែរ ក្នុងពេលកន្លងទៅ។ សម្រាប់ឆ្នាំ២០២៦នេះ សហព័ន្ធបានចាប់ផ្តើមស្តារសកម្មភាពកីឡាយានយន្តខ្លះៗឡើងវិញ ជាពិសេសពីព្រឹត្តិការណ៍កីឡាយានយន្ត រយៈពេល៥ថ្ងៃ នៅខេត្តកោះកុងជាដើមនោះ គឺជាដំណើរការស្តារវិស័យកីឡាយានយន្តឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍជំនាញកីឡាមួយនេះឱ្យមានភាពល្អប្រសើរឡើងវិញជាមួយព្រឹត្តិការណ៍មួយចំនួនទៀតនឹងកើតមានឡើងជាបន្តបន្ទាប់។ កាលពីថ្ងៃសៅរ៍-អាទិត្យ ចុងសប្តាហ៍នេះ ក៏មានកម្មវិធីការបង្ហាញ Off Road មួយដែរ ដែលបានបញ្ចប់ជាមួយនឹងការគាំទ្រពីប្រជាពលរដ្ឋ និងបងប្អូនជាអ្នកស្រឡាញ់វិស័យកីឡាយានយន្តផងដែរ។

ជាមួយគ្នានេះ ក្នុងនាមសហព័ន្ធកីឡាយានយន្តកម្ពុជា ឯកឧត្តម ទៀ ស្យាម ក៏បានអំពាវនាវដល់មហាជន យុវជន ដែលចង់ប្រណាំងយានយន្ត ប្រណាំងម៉ូតូ ឬការបង្ហាញបច្ចេកទេសផ្សេងៗពាក់ព័ន្ធនឹងវិស័យកីឡាយានយន្តត្រូវតែចូលមកលើទីលានដែលបានកំណត់តាមគោលការណ៍កីឡាច្បាស់លាស់ ដោយត្រូវជៀសវាងដាច់ខាត់ កុំលេងកីឡាយានយន្តនៅតាមដងផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ច្បាប់ជាតិ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណើរផ្សេងៗទៀត។ និយាយរួម បើចង់ហ្វឹកហាត់សម លេង ឬសម្តែងយានយន្ត ត្រូវមកលេងនៅទីលានកីឡា ដែលសហព័ន្ធមានគ្រូបង្វឹក អ្នកជំនាញច្បាស់លាស់ ក្នុងការបង្ហាត់បង្រៀនដោយក្តីរីករាយ៕