សហព័ន្ធកីឡាចំបាប់ បានបញ្ជូនកីឡាករ កីឡាការិនីឆ្នើម១២រូបប្រជែង មេដាយអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី

សហព័ន្ធកីឡាចំបាប់កម្ពុជា នឹងបញ្ជូនកីឡាករ កីឡាការិនីឆ្នើមៗចំនួន ១២រូបដើម្បីចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែឧសភា ឆ្នាំ២០២៥ ។

យោងតាមការឲ្យដឹងពីមន្ត្រី សហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជាក់ថា លោកស្រី ចូវ សុធារ៉ា លោក កាំង ដែនពិសិដ្ឋ ជាគ្រូបង្វឹក និងអាជ្ញាកណ្ដាល ១នាក់ រួមទាំងកីឡាករ កីឡាការិនីសរុបទាំងអស់មានចំនួន ១៥នាក់ដែលនឹងធ្វើដំណើរទៅប្រទេសសិង្ហបុរីលើកនេះ។

ការប្រកួតនេះជាឱកាសសំខាន់មួយសម្រាប់កីឡាករ កីឡាការនី ដើម្បីសាកល្បងសមត្ថភាព និងវាស់ស្ទង់បច្ចេកទេស រកចំណុចខ្លាំង និងការខ្វះខាតផ្សេងៗអភិវឌ្ឍន៍ចំណុចខ្សោយទាំងនោះត្រៀមខ្លួនឆ្ពោះទៅការប្រកួតធំស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃផងដែរ។

សូមបញ្ជាក់ដែរថា ការចេញទៅប្រកួតរបស់ក្រុមចំបាប់ជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឯប្រទេសសិង្ហបុរី នេះបានការឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ និងជានាយកវិទ្យាស្ថានខេមអេដ៕