សហគ្រិនខ្មែរ បានរៀបចំកិច្ចស្វាគមន៍ប្រតិភូ និស្សិតនៃ Youth Leaders Collective Program (YLC) មកពីប្រទេសសិង្ហបុរី

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ សហគ្រិនខ្មែរ បានរៀបចំកិច្ចស្វាគមន៍ប្រតិភូនិស្សិត នៃ Youth Leaders Collective Program (YLC) មកពីប្រទេសសិង្ហបុរី ដែលដឹកនាំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC)។ ក្រោមគំនិតផ្តួចផ្តើម និងសហការនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការជំរុញទំនាក់ទំនងអន្តរជាតិ និងការលើកកម្ពស់ស្មារតីសហគ្រិន រវាងយុវជនកម្ពុជា និងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះ មានគោលបំណង ផ្តល់ឲ្យសិស្ស-និស្សិតសិង្ហបុរី នូវការយល់ដឹង អំពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា បញ្ជ្រាបពីកម្មវិធីផ្សេងៗ ដែលសហគ្រិនខ្មែរ គាំទ្រដល់ធុរកិច្ចបង្កើតថ្មី (Startup) និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តម្រូវឱ្យមានសហគ្រិនជំនាន់ថ្មីមកជំនួស និងបន្ថែមជាធនធានមនុស្ស ដែលមានសក្ដានុពល និងភាពច្នៃប្រឌិតខ្ពស់។ ស្របតាមបរិបទតំបន់ ការជំរុញកិច្ចសហការរវាងយុវជនកម្ពុជា និងសិង្ហបុរី បានគូសបញ្ជាក់ អំពីតួនាទីដ៏សំខាន់ក្នុងការកសាងអ្នកដឹកនាំជំនាន់ក្រោយ ទាំងក្នុងវិស័យសាធារណៈ និងឯកជន។” បទពិសោធន៍នាថ្ងៃនេះ គឺជាឱកាសសម្រាប់សិស្ស-និស្សិតសិង្ហបុរី ដើម្បីចូលរួមដោយផ្ទាល់ជាមួយសហគ្រិន និងសិស្ស-និស្សិតកម្ពុជា ដែលធ្លាប់ទទួលបាននូវការគាំទ្រ ហិរញ្ញប្បទាន និងជាប់ជាជ័យលាភីក្នុងកម្មវិធីសហគ្រិនមហាវិទ្យាល័យ ដែលត្រូវបានរចនាឡើង ជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលនិស្សិត ប្រមាណ ២.០០០នាក់ មកពី៥០ស្ថាប័នអប់រំ ក្នុងនោះមានប្រមាណ២៥០គំនិត ដែលមានសក្ដានុពល ហើយមួយចំនួនអាចក្លាយជាធុរកិច្ចបង្កើតថ្មី។

កម្មវិធីនាថ្ងៃនេះ ក៏បានផ្តល់នូវវេទិកាមួយសម្រាប់សិស្ស-និស្សិតទាំងពីរប្រទេស ចែករំលែកបទពិសោធន៍ និងដំណើរ ជោគជ័យក្នុងវិស័យសហគ្រិនភាព។ តាមរយៈកម្មវិធីនេះ សហគ្រិនខ្មែរ មានគោលបំណងជំរុញកិច្ចសហការ និងការចែករំលែកចំណេះដឹង របស់យុវជនរវាងដៃគូទ្វេភាគី។ សហគ្រិនខ្មែរ នៅតែបន្តផ្ដល់ឱកាស ដល់យុវជនជំនាន់ក្រោយ ទាំងក្នុងវិស័យឯកជន និងសាធារណៈ តាមរយៈកម្មវិធី និងគំនិតផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់សហគ្រិនភាព។

កិច្ចសហការរវាងសហគ្រិនខ្មែរ, សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC), និងYouth Leaders Collective Program គឺជាអំណះអំណាងមួយចំពោះការប្តេជ្ញាចិត្តនេះ ដែលត្រួសត្រាយផ្លូវ សម្រាប់កិច្ចសហការនាពេលអនាគត ដែលនឹងពង្រឹង បន្ថែមនូវស្មារតីសហគ្រិន ក្នុងចំណោមយុវជនទាំងក្នុង និងក្រៅប្រទេស។