សហគមន៍អេគូទេសចរណ៍ព្រែកកោងកាង បានជួយបង្កើនមុខរបជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង ឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង!

ក្នុងឱកាសចុះពិនិត្យតំបន់អេកូទេសចរណ៍ព្រែកកោងកាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានគាំទ្រការបង្កើតសហគមន៍អេគូទេសចរណ៍ព្រែកកោងកាងនេះ ដែលជួយបង្កើនមុខរបជូនដល់បងប្អូនប្រជាពលរដ្ឋនៅលើកោះឱ្យមានជីវភាពកាន់តែល្អប្រសើរឡើងថែមទៀត ។ ឯកឧត្តម បានថ្លែងបែបនេះនៅរសៀលថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលដែលឯកឧត្តម និងលោកជំទាវ ដឹកនាំមន្ត្រីចុះពិនិត្យតំបន់អេកូទេសចរណ៍ព្រែកកោងកាង ដែលស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ឯកឧត្តមបានបន្ថែមថា ទន្ទឹមនោះយើងត្រូវគិតគូពីបរិស្ថានបៃតង ជាពិសេសបំផុសប្រជាពលរដ្ឋដាំដុះព្រៃកោងកាងឪ្យបានកាន់តែច្រើនមានពណ៌បៃតង និងមានភាពទាក់ ទាញ ក្រៅពីនោះត្រូវបង្កើតនូវវត្ថុអនុស្សាវរីយឪ្យបានកាន់តែច្រើនប្រភេទ សម្រាប់លក់ជូនភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតំបន់អេកូទេសចរណ៍ព្រែកកោងកាង ម្យ៉ាងទៀតចំពោះអនាម័យ បរិស្ថាន ក៏ជាកត្តាមួយសំខាន់ណាស់ផងដែរ ក្នុងការចូលរួមបង្កើននូវភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរបរទេសមកកាន់ក្រុងកោះរ៉ុង ព្រោះក្រៅពីតំបន់ឆ្នេរ យើងនៅមានតំបន់ទេសចរណ៍ព្រែកកោងកាងដែលមានទេសភាពល្អស្អាតសម្រាប់ភ្ញៀវជាតិ អន្ករជាតិ ។
លោក ស្រេង ហៃសុខ ប្រធានសហគន៍អេកូទេសចរណ៍ព្រែកកោងកាង បានឱ្យដឹងថា សហគមន៍ព្រែកកោងកាងបានចាប់ផ្តើមដំណើរការកាលពីថ្ងៃទិ១៨ ខែកុម្ភះ ឆ្នាំ២០២០ លើផ្ទៃដីចំនួន ៤០ហិកតា ក្នុងគោលបំណងបង្កើតឱកាសការងារ និងមុខរបរជូនបងប្អូន
ប្រជាពលរដ្ឋនៅលើកោះបានច្រើន បង្កើតការងារជូនប្រជាពលរដ្ឋមួយផ្នែកទៀតតាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរនៅតំបន់កោះ ហើយមកដល់បច្ចុប្បន្នមានភ្ញៀវទេសចរមកលេងកម្សាន្តតំបន់អេកូទេសចរណ៍ព្រែកកោងកាងក្នុងមួយថ្ងៃប្រមាណជា ១០០នាក់ ភ្ញៀវភាគច្រើនជាជនបរទេសដែលមានចម្រុះជាតិសាសន៍ ។ តំបន់អេកូទេសចរណ៍ព្រែកកោងកាងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានដូចជា ផែកាយ៉ាក់ ភ្ញៀវអាចជិះទូកកាយ៉ាក់កម្សាន្តនៅតាមព្រែកកោងកាងគយគន់ទេសភាពព្រៃកោងកាង មានផែទូក ភ្ញៀវជិះទូកក្បូនតូចៗតាមដងព្រែក និងមានក្បូនអាហារបន្ថែមទៀត ក្រៅពីផែទូកកាយ៉ាក់ ផែក្បូន ផែក្បូនអាហារ ផែកាហ្វេ ក៏មានផែឈើប្រវែង ១,៣៥០ម៉ែត្រ សម្រាប់ភ្ញៀវទេសចរដើរកម្សាន្តមើលព្រៃកោងកាង និងអាហារដ្ឋានសហគមន៍ជាច្រើនកន្លែងផងដែរ។
លោក បានបញ្ជាក់ថា សហគមន៍បានយកចិត្តទុកដាក់ លើការកាត់បន្ថយថង់ប្លាស្ទិក ដោយ ធ្វើការបំផុសគំនិតប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យចូលរួមស្រឡាញ់បរិស្ថាន អនាម័យជាចំបង ទោះបីផ្លាស្ទិកមកតាមរយៈភ្ញៀវទេសចរក្តី តាមរយៈអាកាសធាតុក្តី គឺយើងរួមគ្នាសម្អាតជាប់ជាប្រចាំ ដោយមនសិកាថា ត្រូវរួមគ្នាសម្អាតបរិស្ថាន ។