សហគមន៍ផលិតស្វាយចន្ទីក្នុងខេត្តព្រះវិហារ ចំនួន៥ ចុះកិច្ចសន្យាលក់ស្វាយចន្ទីជាង ២០០តោន សម្រាប់កែច្នៃនាំចេញទៅទីផ្សារអន្តរជាតិ

ភ្នំពេញ ៖ ក្រុមហ៊ុនកែច្នៃក្នុងស្រុកចំនួន២ បានចុះកិច្ចសន្យាទទួលទិញស្វាយចន្ទីជាង ២០០តោន ពីសហគមន៍ផលិតស្វាយចន្ទីចំនួន៥ ក្នុងខេត្តព្រះវិហារ ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦នេះ។

ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា លោក អាន តារា បានឪ្យដឹងថា ការចុះកិច្ចសន្យាទិញ-លក់នេះ បានធ្វើឡើងរវាងក្រុមហ៊ុន អ៊ែមផល អាហ្រ្គោប្រដាក់ សហការជាមួយក្រុមហ៊ុន ស្រ្តី ខបភើរេសិន ជាមួយសហគន៍ស្វាយចន្ទីចំនួន៥ក្នុងនោះ ៤សហគមន៍មកពីស្រុករវៀង និង១សហគមន៍មកពីស្រុកជាំក្សាន្ត។ តាមរយៈការចុះអនុស្សារណៈនេះ ក្រុមហ៊ុនទាំងពីរនឹងទទួលទិញស្វាយចន្ទីចំនួន ២០០តោនពីសហគមន៍ ដែលមានតម្លៃសរុបប្រមាណពី ២០ម៉ឺនទៅ ៣០ម៉ឺនដុល្លារ។

ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ការចុះMOU នេះ ដើម្បីជួយលើកស្ទួយសហគមន៍ក្នុងការផលិតស្វាយចន្ទីឱ្យមានលក្ខណៈត្រឹមត្រូវ តាមស្តង់ដារសេរីរាង្គ។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនទាំងពីរក៏នឹងជួយចេញថ្លៃការវាយតម្លៃ ក្នុងការទទួលបានវិញ្ញាបនបត្រចន្ទីសេរីរាង្គដល់សហគមន៍ផងដែរ ហើយក្រុមហ៊ុននឹងទទួលទិញចន្ទីពីសហគមន៍វិញ សម្រាប់កែច្នៃក្នុងឆ្នាំ២០២៦នេះ ដើម្បីនាំចេញទៅកាន់ប្រទេសអាល្លឺម៉ង់។

លោកមានប្រសាសន៍ «សហព័ន្ធចង់ជួយលើវិស័យសេរីរាង្គនេះ ដោយសារស្វាយចន្ទីសេរីរាង្គមានសក្តានុពលកាន់តែខ្លាំងទៅៗ ជាពិសេសនៅទីផ្សារអឺរ៉ុប អាមេរិក និងជប៉ុន។ ហេតុនេះហើយទើបសហព័ន្ធយកចិត្តទុកដាក់ខ្លាំង ដោយសារមានទីផ្សារទទួលទិញច្រើន ហើយសហព័ន្ធចង់ឱ្យកសិករដែលមានសក្តានុពល ពង្រឹងការដាំដុះស្វាយចន្ទីសេរីរាង្គ និងស្វាយចន្ទីដែលចូលរួមជួយការពារព្រៃឈើនិងសត្វព្រៃ ដែលនៅថ្ងៃអនាគតនឹងមានការគាំទ្រពីអ្នកទទួលទិញច្រើន»៕