សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ទទួលជំនួយជាថវិកាសម្រាប់គាំទ្រសកម្មភាពផលិតកម្ម ជាង១ លានដុល្លារ

ខេត្តពោធិ៍សាត់ ៖ ទឹកប្រាក់ចំនួនប្រមាណ ១,២ លានដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ត្រូវបានផ្តល់ជូនដល់ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង នៅខេត្តពោធិ៍សាត់ សម្រាប់គាំទ្រដល់សកម្មភាពផលិតកម្មកម្រិតសហគមន៍របស់ខ្លួន។
លោក ឃឹម ហ្វីណង់ នាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង នៅខេត្តពោធិ៍សាត់ ទទួលបានជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) សរុបចំនួន ១,២ លានដុល្លារ សម្រាប់គាំទ្រដល់សកម្មភាពផលិតកម្មកម្រិតសហគមន៍របស់ខ្លួន។ ក្នុងនោះទឹកប្រាក់ចំនួនជាង ៦ ម៉ឺនដុល្លារ សម្រាប់គាំទ្រផ្ទាល់ដល់ផលិតកម្មម្ទេស និងថវិកា ១,១ លានដុល្លារទៀត សម្រាប់រៀបចំជាប្រព័ន្ធស្រោចស្រព ដោយមានការបំពាក់ទុយោមេចែកចាយទឹកធ្វើកសិកម្មដល់ទូទាំងភូមិប៊ុនរ៉ានីសែនជ័យ។
ជាក់ស្តែង ជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីដែលគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក ដែលរួមមានជាសម្រាប់ជាទុនបំពេញបន្ថែម ៤០% លើការវិនិយោគរបស់សហគមន៍ និងការគាំទ្រខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរ។
សូមជម្រាបថា ដើម្បីជួយគាំទ្រទុនបង្វិលដល់សហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ផ្តល់ឥណទានចំនួន ៣៥ លានដុល្លារថ្មី សម្រាប់ផ្តល់ឥណទានដល់សហគមន៍កសិកម្មទំនើបសម្រាប់រយះពេល ៣ឆ្នាំ គឺ ២០២៥-២០២៧។
បច្ចុប្បន្ននេះ ក្រសួងកសិកម្ម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសាជីវកម្មធានាឥណទាន បាននឹងកំពុងរៀបចំដំណើការឥណទាន ៣៥ លានដុល្លារថ្មី សម្រាប់ផ្តល់ឥណទានដល់សហគមន៍កសិកម្មទំនើប៕