សម្រាកកាយក្បែរមាត់ព្រែក និងភ្លក់រសជាតិអាហារសុខភាពនៅ «រមណីយដ្ឋានព្រែកទឹកសាប» (Toeksab Naturae Table)
[ព្រះសីហនុ]៖ ប្រសិនបើលោកអ្នកកំពុងស្វែងរកទីតាំងសម្រាកលំហែកាយបែបស្ងប់ស្ងាត់ អមដោយខ្យល់អាកាសបរិសុទ្ធ និងម្ហូបអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់នោះ «រមណីយដ្ឋានព្រែកទឹកសាប» (Toeksab Naturae Table) គឺជាគោលដៅដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នក និងក្រុមគ្រួសារ នាឱកាសចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក។
បទពិសោធន៍អាហារបែបសុខភាព និងរសជាតិចម្រុះ
នៅទីនេះ មិនត្រឹមតែមានទេសភាពត្រកាលមួយមុខនោះទេ ប៉ុន្តែថែមទាំងល្បីល្បាញខ្លាំងលើផ្នែកសេវាកម្មម្ហូបអាហារ។ រមណីយដ្ឋានមានបម្រើជូននូវមុខម្ហូបចម្រុះបែបអឺរ៉ុប និងអាស៊ី តាំងពីអាហារពេលព្រឹក ថ្ងៃត្រង់ រហូតដល់ពេលល្ងាច។ អ្វីដែលជាចំណុចទាក់ទាញបំផុតនោះគឺ រាល់មុខម្ហូបទាំងអស់ត្រូវបានចម្អិនយ៉ាងសម្រិតសម្រាំងចេញពីគ្រឿងផ្សំធម្មជាតិស្រស់ៗ ដើម្បីធានានូវសុខភាពល្អសម្រាប់ភ្ញៀវកិត្តិយស។ ក្រៅពីអាហារ ក៏មានភេសជ្ជៈស្រស់ស្រាយ កាហ្វេគ្រប់រសជាតិ និងទឹកផ្លែឈើស្រស់ៗដែលច្របាច់ចេញពីផ្លែឈើធម្មជាតិពិតៗផងដែរ។
រចនាបថបែបធម្មជាតិ និងបរិយាកាសស្រស់បំព្រង
Toeksab Naturae Table ត្រូវបានរចនាឡើងយ៉ាងល្អប្លែកភ្នែក អមទៅដោយដើមឈើធំៗត្រជាក់ត្រជុំ និងមានទឹកជ្រោះដ៏ស្រស់ស្អាតនៅខាងក្នុងរមណីយដ្ឋាន ដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយបំផុត។ ចំណុចពិសេសដែលមិនអាចរំលងបាន គឺ “ទិដ្ឋភាពមាត់ព្រែក” ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអាចអង្គុយគយគន់សម្រស់ផ្ទៃទឹក និងមេឃខៀវស្រងាត់យ៉ាងត្រកាលភ្នែក។
សកម្មភាពកម្សាន្ត និងការលំហែសម្រាប់គ្រួសារ
សម្រាប់អ្នកដែលចូលចិត្តការផ្សងព្រេង និងសកម្មភាពលើផ្ទៃទឹក លោកអ្នកអាចជួលជា៖
• អូប័រ សម្រាប់ល្បឿន និងភាពរំភើប
• ទូកកាយ៉ាក់ សម្រាប់ជិះគយគន់ធម្មជាតិតាមបណ្ដោយព្រែក
• ក្បូនឫស្សីបណ្ដែតទឹក បែបសម្រាកលំហែយឺតៗ
បន្ថែមពីនេះ រមណីយដ្ឋានក៏មានរៀបចំកន្លែងក្មេងលេង (Playground) ដែលមានសុវត្ថិភាពខ្ពស់ ធ្វើឱ្យដំណើរកម្សាន្តជាលក្ខណៈគ្រួសារកាន់តែមានភាពរីករាយ និងមានន័យសម្រាប់សមាជិកតូចៗ។
ទីតាំង និងការធ្វើដំណើរ
រមណីយដ្ឋានព្រែកទឹកសាប មានទីតាំងស្ថិតនៅ សង្កាត់រាម ក្រុងព្រះសីហនុ (ចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីក្រុងព្រះសីហនុ)៖
• មកពីក្រុងព្រះសីហនុ៖ ធ្វើដំណើរតាមផ្លូវជាតិលេខ ៤ រួចបត់ស្ដាំ។
• មកពីភ្នំពេញ៖ ធ្វើដំណើរតាមផ្លូវជាតិលេខ ៤ រួចបត់ឆ្វេង (ច្រកចូលប្រហែល ២០០ ម៉ែត្រ)។
កុំភ្លេចចូលទៅបង្កើតអនុស្សាវរីយ៍ល្អៗជាមួយធម្មជាតិពិតៗ នៅរមណីយដ្ឋានព្រែកទឹកសាប!

អត្ថបទដោយ៖ ស្រីមុំ


