សម្ពោធសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី វត្តព្រៃច្រាបស្ថិតក្រុងឧត្តុង្គម៉ែជ័យមានតម្លៃជិត៥ម៉ឺនដុល្លារដើម្បីបម្រើដល់ការអប់រំតាមបែបព្រះពុទ្ធសាសនា
								អគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី វត្តព្រៃច្រាប សាងសង់ឡើងក្រោមគំនិតផ្តូចផ្តើម កសាងដោយ ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកសាងដោយ ឯកឧត្តម លី ច័ន្តតុលា និងលោកជំទាវ ឈីវ ភីរម្យ និងមានការចូលរួម ពីក្រុមការងារ ចុះមូលដ្ឋានសង្កាតវាលពង់ ប្រជាពុទ្ធបរិស័ទ សប្បុរសជន ជាច្រើនរូប ដោយចំណាយ អស់ថវិកា ជិត៥ម៉ឺនដុល្លាអាមេរិក ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងបរិវេនវត្តព្រៃច្រាប សង្កាត់វាលពង់ ក្រុងឧដុង្កម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នឹងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ និងលោកជំទាវ ឈីវ ភីរម្យ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ ក្រុមការងារ ចុះមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ សិស្សានុសិស្ស លោគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ជាច្រើនរូប។
យោងតាមរបាយការណ៍សាងសង់ដោយ ឯកឧត្តម យ៉ុន ប៊ុនណា បានឱ្យដឹងថា សាលាពុទ្ធិក បឋមសិក្សា ហ៊ុន ម៉ានី វត្តព្រៃច្រាប ជាសាលាពុទ្ធិកបឋមសិក្សាទី១ ដែលបានសាងសង់ ក្នុងសង្កាត់វាលពង់ អគារមាន ទំហំ ៩ម៉ែត្រគុណនឹង២៤ម៉ែត្រ មួយជាន់ មានចំនួន ៣បន្ទប់ ត្រូវសាងសង់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយចំណាយថវិកាសរុបចំនួន ៤៩,០៣៤.៩៦ ដុល្លារអាមេរិក ក្នុងនោះមានការចូលរួមជាថវិកាមពុទ្ធបរិស័ទក្នុងសង្កាត់វាលពង់ សប្បុរសជន ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់វាលពង់ ។ ក្រុងឧត្តុង្គម៉ែជ័យមានប្រជាជនកំពុងគោរពប្រតិបត្តិព្រះពុទ្ធសាសនា ខណៈវត្តអារាមមានចំនួន ២១វត្ត មានព្រះសង្ឃ៣៨០អង្គ។ ដោយឡែកវត្តព្រៃច្រាបមានព្រះសង្ឃ១៦អង្គដែលកំពុងគង់នៅនិងសិក្សារៀនសូត្រនៅទីអារាមនេះ។
ឯកឧត្តម លី ច័ន្ទតុលា មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលអប់រំ ផ្នែកព្រះពុទ្ធសាសនានេះ ក៏ជាការចូលរួមចំណែកបណ្ដុះបណ្ដាល ធនធានមនុស្សជាមួយនឹងរាជរដ្ឋាភិបាល របស់ក្រោមការដឹកនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន រយៈពេល៣០ មកហើយនិងបន្ត មកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម គូសបញ្ជាក់បន្ថែមថា ចេញពីការគាំទ្ររបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រុមការងារក៏បានគិតគូរដំណើរការសាងសង់អគារនេះឡើងដោយមានការចូលរួមពីសប្បុរសជនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅក្នុងសង្កាត់វាលពង់ជាច្រើនរូប។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏នឹងជួយកុំព្យូទ័រ មួយគ្រឿង រួមជាមួយនឹងការរៀបចំ នូវបណ្ដាល័យ ៨លានរៀលផងដែរ។ ឯកឧត្តម គូបញ្ជាក់បន្តថា ការចូលរួមនេះ គឺមានស្មារតីតែមួយនោះទេ គឺចូលរួមជាមួយនឹង រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់ វិស័យអប់រំ ។
ឯកឧត្តម លី ច័ន្ទតុលា ក៏បានបញ្ជាក់បន្ថែមដែរថា វប្បធម៌នៃការចូលរួមជួយលើកស្ទួយវិស័យអប់រំទាំងពុទ្ធចក្រនិងអាណាចក្រគឺត្រូវបានធ្វើឡើងជាបន្តបន្ទាប់មកហើយនៅក្នុងសង្កាត់វាលពង់ មិនថាតែសាលាពុទ្ធិកបឋមសិក្សានេះទេ គឺមានការកសាងហេដ្ឋារចនាសម្ព័ន្ទផ្លូវថ្នល់ សាលារៀន វត្តអារាមជាដើម។ ហើយការអភិវឌ្ឍន៍រីកចំរើនទៅបាន គឺមិនអាចមានបាននោះទេ បើសិនជាយើងមិនមានសុខសន្តិភាព ដែលស្វែងរកយ៉ាងលំបាក ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបន្តមកថែរក្សា ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម លី ច័ន្ទតុលា បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបន្ថែមថា ការអភិវឌ្ឍរីកចម្រើន រហូតមកដល់ពេលនេះ គឺមិនត្រឹមតែប៉ុណ្ណឹងទេគឺនឹងមានធ្វើការបន្តទៀតឥតឈប់ឈរ មានការយកចិត្តទុកដាក់ទីក្រុងការងារចុកជួយមូលដ្ឋានឃុំវាលវង់ និងនៅទូទាំងទាំងខេត្តកំពង់ស្ពឺក្រោមការងារចុះជួយជាប់ជាប្រចាំពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ទាំងវិស័យអប់រំ សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគជាដើម។ ឯកឧត្តម ក៏បានក្រើនរំលឹក ដល់សិស្សានុសិស្ស ក៏ដូចជាយុវជន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាព ប្រែក្លាយឧបសគ្គ ទៅជាឱកាសនៅក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនេះដែរ ឯកឧត្តម លី ច័ន្តតុលា និងលោកជំទាវ ឈីវ ភីរម្យ បានចែកជូនអំណោយ វត្ថុកំដរដៃជូនតាជី យាយជី ក្នុងសង្កាត់វាលពង់ ដែលបានចូលរួមក្នុងម្នាក់ៗទទួលបាន ខោខ្មៅ១ និងអាវស ១ សម្លៀកបំពាក់យាយជី សំពត់ខ្មៅ១ និងអាវស ១ , លោកគ្រូ បុគ្គលិក មណ្ឌលសុខភាព មន្ត្រីនគរបាល ប្រជាការពារភូមិ លោកគ្រូ បុគ្គលិកពេទ្យ ក្នុងម្នាក់ៗទទួលបាន ខ្សែក្រវ៉ាត់១ សំរាប់អ្នកគ្រូបង្រៀន និងអ្នកគ្រូពេទ្យ ក្នុងម្នាក់ៗទទួលបាន កាបូប១ និងក្រម៉ា១ , យុវជនកាយរិទ្ធិ កាកបាទក្រហម ស.ស.យ.ក សរុបចំនួន ទទួលបាន សម្ភារៈសិក្សា១ឈុត និងប្រជាពលរដ្ឋ សរុបចំនួន ៤០០ នាក់៖ ក្នុងម្នាក់ៗទទួលបានក្រម៉ាចំនួន ១ និងម្ហូបកាពិផាវ ភ្ជាប់ជាមួយនិងត្រសក់ ចែកជូនដល់អ្នកចូលរួមបន្ថែមពីលើអាហារពេលព្រឹក និងភេសជ្ជៈដែលរៀបចំឡើងជាពិសេសពីក្រុមគ្រួសាររបស់ ឯកឧត្តម និងលោកជំទាវដល់អ្នកចូលរួមផងដែរ ។
គួរបញ្ជាក់ផងដែរថា សង្កាត់វាលពង់មានសាលារៀនឋបមសិក្សាចំនួន៩ អនុវិទ្យាល័យនិងវិទ្យាល័យចំនួន ១ និងមត្តេយ្យសហគមន៍ចំនួន១ ។ក្នុងនោះក្រុមការងារចុះជួយមូលដ្ឋានសង្កាត់វាលពង់បានជួយកសាងសាលាបឋមសិក្សា២ខ្នងរួចមកហើយ និងបានជួយជួសជុលសាលារៀនឋមសិក្សាចំនួន២ខ្នង ចូលរួមឧបត្ថម្ភធ្វើរបង ផ្លូវបេតុងចូលសាលារៀន កែលម្អបរិវេនសាលា កែលម្អបណ្តាល័យ សម្ភារៈក្មេងលេងក្នុងសាលា និងបានផ្គត់ផ្គង់គ្រូបង្រៀនសាលាមត្តេយ្យសហគមន៍ផងដែរ៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
			

