ខេត្តកណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា សមិទ្ធផលស្ពាននៅភូមិកោះចំរើន មិនមែនគ្រាន់តែជាស្ពានសម្រាប់ឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការប្រែក្លាយទុក្ខសោក និងការបាត់បង់ដ៏ឈឺចាប់របស់ប្រជាពលរដ្ឋ ទៅជាក្តីសង្ឃឹម ការអភិវឌ្ឍ និងអនាគតដ៏ប្រសើរសម្រាប់អ្នករស់នៅលើកោះចំរើន ជាពិសេសប្រជាពលរដ្ឋលើកោះចំរើនលែងប្រឈមនឹងការលំបាក និងការព្រួយបារម្ភក្នុងការធ្វើដំណើរដូចអតីតកាលទៀតហើយ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងប្រវែង ៥៤ម៉ែត្រ ទទឹង ៨ម៉ែត្រ ដាក់លូជ្រុងមុខកាត់២ម៉ែត្រ ប្រវែង១២ម៉ែត្រ និងចាក់បេតុងអាមេ ប្រវែង៣០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក កាលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោកលោក-ជំទាវអភិបាលរងខេត្តមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនរូប។
សមិទ្ធផលស្ពាន និងផ្លូវបេតុងនេះ គឺជាការរំលឹកដល់ហេតុការណ៍លិចទូកដ៏សោកសៅកាលពីកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានឆក់យកអាយុជីវិតរបស់សិស្សានុសិស្ស ១១នាក់ ហើយក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការប្រែក្លាយការបាត់បង់នោះឱ្យទៅជាសមិទ្ធផល ដែលការពារអាយុជីវិត និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋជារៀងរហូត៕







