សម្ពោធដាក់ឱ្យដំណើរការសាខា ប ស ស នៅផ្សារទំនើបអីអនម៉ល ទាំង៣ ភ្ជាប់ជាមួយ មជ្ឈមណ្ឌលស្វែងរកការងារធ្វើ

បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប ស ស នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅតាមទីតាំងសាខា ផ្សារទំនើបអីអន ទាំង៣ ភ្ជាប់ជាមួយនិងមជ្ឈមណ្ឌលស្វែងរកការងារធ្វើនៅក្នុងរាជធានីភ្នំពេញ ។ពិធីសម្ពោធនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយមានការអញ្ជើញចូលរួមពី តំណាងផ្សារទំនើបអីអន ទាំង៣សាខានៅកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៍មានក្នុងពិធីសម្ពោធសាខា បេឡាជាតិសន្តិសុខសង្គម នៅសាខាអីអន៣ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ពី ការសម្ពោធដាក់អោយប្រើប្រាស់ទីស្នាក់ការបេឡាជាតិសន្តិសុខសន្តិសុខសង្គម នៅតាមផ្សារទំនើបអីអនទាំង៣សាខានៅក្នុងរាជធានីភ្នំពេញ និងបង្កលក្ខណៈងាយស្រួលទៅដល់បង្អូនកម្មករ និយោជិត ក៏ដូចជា អ្នកប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមកចុះឈ្មោះ ធ្វើបណ្ណ ប ស ស កាន់តែនៅគៀកនិងលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនដែលមានទីលំនៅនៅជិតរាជធានីភ្នំពេញ បន្ថែមលើសាខានានានៅតាមបណ្តារាជធានីខេត្ត។

ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ ក៏បានបញ្ជាក់បន្ថែមដែរថា គ្រប់ទីតាំងសាខា ប ស ស របស់ក្រសួងការងារ និភ្ជាប់ជាមួយនិង មជ្ឈមណ្ឌលសំរាប់ស្វែងរកការងារ ដល់បងប្អូនប្រជាពលករ ដែលត្រឡប់មកពីប្រទេសថៃ អាចមកសួរនាំព័ត៍មានពីឱកាសការងារនៅទីនេះ ដោយបុគ្គលោកនិកប្រចាំការ ជារៀងរាលថ្ងៃផងដែរ។  

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ការងារ ក៏បានថ្លែងអំណរគុណទៅដល់ផ្សារទំនើអីអន ទាំង៣សាខា ដែលផ្តល់ទីតាំងជាសាខា ប ស ស និងមជ្ឃមណ្ឌលស្វែងរកការងារធ្វើ ដោយមិនគោតថ្លៃ រួមជាមួយនិងមិនគិតថ្លៃទឹកភ្លើងទាំងអស់។ ឯកឧត្តម ហេង សួរបន្ថែមថា ផ្សារទំនើបអីអន មិនត្រឹមតែជាទីកន្លែង ផ្សារទើប សំរាប់ប្រជាពលរដ្ឋមកលេងកម្សាន្ត ទិញសម្ផារៈគ្រប់ប្រភេទប៉ុណ្ណោះទេ តែបានចូលរួមជាមួយនិងរាជរដ្ឋាភិបាល នៅក្នុងការផ្តល់សេវាសារធារណដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ 

ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅនៅក្បែររាជធានីភ្នំពេញ និងអ្នកដែលមកលេងកម្សាន្តនៅតាមផ្សារទំនើបអីអន អាចមករកសេវាទាំងអស់នេះ ដែលខាងក្រសួងនិងខិតខំផ្តល់ជូនបងប្អូនប្រជាពលរដ្ឋយើងផងដែរ។

គួរបញ្ជាក់ផងដែរថា បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប ស ស ទទួលយកសមាជិកភាព ជាកម្មករនិយោជិកដែលធ្វើការងារនៅតាមរោងចក្រសហគ្រាសនានា ហើយក៏បានផ្តល់ឱកាសទៅដល់បុគ្គលស្វ័យនិយោជន៍ អ្នកដែលស្ថិតនៅក្នុងបន្ទុកគ្រួសារ មន្ត្រីរាជការ មន្ត្រីសារធារណៈ ក៏អាចក្លាយទៅជាសមាជិក ផងដែរ។ រហូតដល់បច្ចុប្បន្ននេះ ប ស ស មានសមាជិកប្រមាណជា ៣. ២ លាននាក់ ខណៈដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនិងដាក់អោយបម្រើការសេវាតាមអនឡាញអោយបានច្រើនដើម្បីអោយបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់សេវានេះ ដោយមិនចាំបាច់មកដល់ទីតាំង ដែលនិងផ្តល់ភាពងាយស្រួលទៅដល់សមាជិកផងដែរ ៕