សម្តេច ម៉ែន សំអន ៖ អតីតនិស្សិតកម្ពុជា ដែលបានបណ្តុះបណ្តាល ពីប្រទេសនានា បានចូលរួមអភិវឌ្ឍធនធានមនុស្សដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០ និងឆ្នាំ ២០៥០

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានទទួលជួបជាមួយប្រតិភូសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ដែលដឹកនាំដោយ លោក អ៊ុច លាង ប្រធានសមាគម ចូលជួបសម្តែងការគួរសម នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានលើកឡើងពីវឌ្ឍនភាពការងាររបស់សមាគម ជូនសម្តេចបានជ្រាបជារបាយការណ៍ និងបានបញ្ជាក់អំពីតួនាទីរបស់សមាគម គឺជាស្ពានភ្ជាប់ទំនាក់ទំនងរវាង ប្រជាជន កម្ពុជានិងប្រជាជនវៀតណាម ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសរណ៍ សេដ្ឋកិច្ច សុខាភិបាល ជាដើម។ ក្នុងនោះផងដែរ សមាគមបានបន្តដាក់ចេញទិសដៅ អនុវត្តការងារឆ្នាំ២០២៥ ដើម្បីបន្តអភិវឌ្ឍន៍សមាគមឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត ឱ្យស្របទៅ តាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាបទប្បញ្ញត្តិ និងច្បាប់ដែលប្រទេសកម្ពុជាមានជាធរមាន សំដៅកសាងធនធានមនុស្សរបស់ប្រទេសជាតិ ប្រកបដោយគុណភាព និងមោទនភាពជាតិ។ កន្លងមកសមាគមបានលើកទឹកចិត្តឱ្យអតីតនិស្សិតសិក្សានៅប្រទេសវៀតណាម បន្តចូលរួមជាមួយសមាគមឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាពខ្ពស់ សំដៅជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលអតីតនិស្សិតជួបប្រទះ ដើម្បីកសាងបានមហាគ្រួសារអតីតនិស្សិតសិក្សានៅប្រទេសវៀតណាម ពោរពេញទៅដោយមូលធនមនុស្ស ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងនូវការកោតសសើរដល់ លោក អ៊ុច លាង ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងរយៈកាលកន្លងមកនេះ ដោយ សម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជួយគាំទ្រសមាជិក សមាគម នៅពេលដែលមានទុក្ខលំបាកនានា។ សម្តេចបានបន្ត ទៀតថា ការបណ្តុះបណ្តាល ធនធានមនុស្សនេះ បានក្លាយទៅជាអាទិភាពមួយ ដ៏សំខាន់នៅ ក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់ទី១ ក្នុងអាណត្តិទី ៧ នៃរាជរាដ្ឋាភិបាល ដែលដឹកនាំ ដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនឹងនោះផងដែរ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយជាច្រើនបាននឹងកំពុងអនុវត្ត ក្នុងការជំរុញកសាងធនធាន មនុស្សគ្រប់ប្រភេទ ដើម្បីឆ្លើយតបទៅនឹងកំណើនរីកចម្រើនយ៉ាង ឆាប់រហ័ស នៃសេដ្ឋកិច្ច សង្គមកម្ពុជានាពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យ លោក អ៊ុច លាង បន្តបង្កើនកិច្ច សហប្រតិបត្តិការរបស់សមាគមន៍បន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០ និងឆ្នាំ ២០៥០៕