សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភា

សម្តេចមហារដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំគណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ អនុម័តរបៀបវារៈមួយចំនួន។

ជាលទ្ធផល កិច្ចប្រជុំ​បាន​សម្រេច​ទទួល​យ​ក​សេចក្តីព្រាង​ច្បាប់​ចំនួន​៤ ដែលជាសំណើ​របស់​រាជរដ្ឋាភិបាល​ប្រគល់​ជូន​គណៈកម្មការជំនាញរដ្ឋសភា​ពិនិត្យ​សិក្សាហើយ​ធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ក្រោយ​ការ​ពិនិត្យសិក្សា​ចប់​សព្វគ្រប់។ សេចក្តីព្រាង​ច្បាប់​ទាំង ​៤រួមមាន៖

១) សេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។

២) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាស រវាង​រដ្ឋ​សមាជិក​សមាគម​ប្រជាជាតិ​អា​ស៊ី​អាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។

៣) សេចក្តីព្រាងច្បាប់ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី៣ ស្តីពី​ការ​ពង្រីកសិទ្ធិ​ហោះ​ហើរ​ទី៥ រវាង​ភាគី​ចុះកិ​ច្ច​ព្រម​ព្រៀង ក្រោម​កិច្ច​ព្រម​ព្រៀង​ដឹកជញ្ជូន​តាម​ផ្លូវអាកាស រវាងរដ្ឋាភិបាល​នៃរដ្ឋសមាជិក​សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និងរដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

៤) សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​ពិធី​សារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​១១​ និង​ទី១២ នៃសេវា​កម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ក្រោម​កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។