សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដល់ប្រទេសបារំាង ដើម្បីចូលរួមវេទិកាសន្តិភាពប៉ារីស លើកទី៨
ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី វេលាម៉ោង១៦:៨នាទី ម៉ោងនៅទីក្រុងប៉ារីស ថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៥ ត្រូវនឹងម៉ោង២២:០៥នាទី ម៉ោងនៅប្រទេសកម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់ សាធារណរដ្ឋបារំាង ដោយសុវត្ថិភាព ដើម្បីចូលរួម វេទិកាសន្តិភាព ប៉ារីសលើកទី ៨ (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៩និង៣០ ខែតុលាឆ្នាំ២០២៥។
អញ្ជើញទទួលដំណើរគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉ារីស មានវត្តមាន ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងសហការី ។
ក្រោយអញ្ជើញដល់ទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី២៩ តុលាស្អែក សម្តេចប្រធានរដ្ឋសភានឹងចូលរួមវេទិកាសន្តិភាពប៉ារីស លើក ទី៨ តាមកម្មវិធីជាបន្តបន្ទាប។ នៅក្នុងនោះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងសន្ទរកថា ចំនួនបីលើកដាច់ដោយឡែកពីគ្នាមាន ១) ថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាព មនុស្ស និងភពផែនដី» ២) កិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក » និងទី ៣) កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី»។
ក្រៅពីនេះសម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយជាមួយថ្នាក់គណៈប្រតិភូបណ្តាលប្រទេសនិងដៃគូអភិវឌ្ឍន៍នានា រួមទំាងលោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំងផង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីទំាងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្ត ដែលជាបុរេសកម្មនៃវិស័យការទូតសភាកម្ពុជាក្នុងការស្វែងរកផលប្រយោជ៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ ផងដែរ៕



