សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការធ្វើកំណែទម្រង់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីពង្រឹងប្រសិទ្ធភាព បម្រើប្រជាពលរដ្ឋរបស់តំណាងរាស្រ្ត និងសុខដុមនីយកម្ម សាមគ្គីភាពស្ថាប័ន

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយ ស្តីពី វឌ្ឍភាពការងារ និងទិសដៅបន្ត នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament) របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមាន ប្រសាសន៍ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសភាអេឡិចត្រូនិច គឺជាជំហាន ដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់ ឆ្ពោះទៅរកការកសាងវិស័យរដ្ឋបាលសាធារណៈ ប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត និងមានសារៈសំខាន់សម្រាប់ការជំរុញអភិបាលកិច្ចល្អ គណនេយ្យភាព តម្លាភាព និងការអភិវឌ្ឍស្ថាប័ន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។
ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានគូសបញ្ជាក់ថា ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋសភានៅក្នុងនីតិកាលទី៧នេះ ទទួលបានការដាក់ពិន្ទុ១០០% ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា ២០២៤-២០២៦ ការគ្រោងថវិកាប្រចាំឆ្នាំមានការថយចុះជាបន្តបន្ទាប់ ក្នុងរង្វង់១%។
ចំពោះកែទម្រង់រដ្ឋបាលសាធារណៈវិញ ដែលទទួលបានលទ្ធផលធំៗមានដូចជា បានកែលម្អការរៀបចំកាតសម្គាល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយដាក់បញ្ចូលមុខងារ៣យ៉ាង រួមមាន ជា អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ដែលមានសុពលភាព១០ឆ្នាំ ២) កាតដកប្រាក់ធនាគារ និង ៣) កាតសម្រាប់ចេញ-ចូលអគាររដ្ឋសភាតាមប្រព័ន្ធអេឡេចត្រូនិច។ ការដាក់ឱ្យអនុវត្តសាកល្បងនូវប្រព័ន្ធគ្រប់គ្រងវត្តមាន ដោយឧបករណ៍ស្រង់វត្តមាន តាមរយៈការស្កេនមុខ (Face ID Scan) ជាដើម។ ការអភិវឌ្ឍស្ថាប័នរដ្ឋសភាជាសភាឌីជីថល (E-parliament) មានម៉ូឌុល(Module) ចំនួន៩ កំពុងអនុវត្តដែលសម្រេចបាន៧០% នៃកម្មវិធីទាំងមូល ដូចការ រៀបចំប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិច នៅក្នុងសម័យប្រជុំរដ្ឋសភា ការគ្រប់គ្រងប្រវត្តិរូបតំណាងរាស្រ្តនិងមន្រ្តីរាជការ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងច្បាប់ឈប់សម្រាករបស់មន្រ្តី និងបណ្ណាសារដ្ឋានជាដើម។
នៅក្នុងពិធីដែលមានថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខា ធិការដ្ឋានរដ្ឋសភាទំាងអស់ចូលរួមដោយផ្ទាល់និងតាមអនឡាញនេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំធ្វើការកែទម្រង់និងទំនើបកម្មស្ថាប័នរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងការផ្តល់សេវាជូនតំណាងរាស្រ្តឱ្យមានភាពងាយស្រួលឡើងក្នុងការបម្រើប្រជាពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កំណែទម្រង់នៅកម្ពុជា បានអនុវត្តតំាងពីក្រោយឆ្នាំ១៩៧៩មក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយនិងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់មក។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយនេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីការអនុវត្តនូវអនុសាសន៍ដែលសម្តេចបានដាក់ចេញ ចាប់តាំងពីដើម នីតិកាលទី៧ និងជាពិសេសអនុសាសន៍នាពេលថ្មីៗកន្លងទៅ។ វឌ្ឍនភាព និងសមិទ្ធផលការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលកិច្ចការនេះជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបាន នៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលត្រូវបានចាត់ទុកជា ”ឆ្អឹងខ្នងមួយដ៏សំខាន់ក្នុងការធានានិរន្តរភាពប្រទេសជាតិ”។សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការកែទម្រង់ទាំងបីខាងលើនេះ គឺជាមូលដ្ឋានដ៏សំខាន់ និងចាំបាច់មួយ ដើម្បីកែលម្អ និងលើកកម្ពស់ស្ថាប័នរដ្ឋសភាឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ជាពិសេស ការផ្តល់សេវាជូនប្រពលរដ្ឋម្ចាស់ឆ្នោតឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តសិទ្ធភាព ទាន់ពេលវេលា និងចំទិសដៅ។ ជំនួសមុខឱ្យតំណាងរាស្រ្តទាំងអស់ សម្តេចប្រធានរដ្ឋសភា បានថ្លែង នូវការកោតសរសើរ និងអបអរសាទរចំពោះលទ្ធផលដ៏ល្អគួរជាទីមោទនៈ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងមន្រ្តីគ្រប់អង្គភាពទាំងអស់បន្តចូលរួមឱ្យកាន់តែសកម្មថែម ទៀត ដើម្បីឈានទៅសម្រេចគោលដៅរបស់យើងជាពិសេស ការប្រែក្លាយសភាកម្ពុជា ឱ្យទៅជាសភាអេឡិចត្រូនិច នាពេលអនាគត។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថាកំណែទម្រង់ជារឿងស្មុគស្មាញមួយ ប៉ុន្តែដូចប្រសាសន៍សម្តេចតជោ ហ៊ុន សែន បានលើកឡើងដូច្នេះដែរ “បើយើងកែទម្រង់ គឺយើងរស់ បើយើងមិនកែទម្រង់ទេ យើងប្រាកដជាស្លាប់”។ សម្តេចប្រធានរដ្ឋសភា បានរំលឹកពីប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថា «គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ” ហើយកំណែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ ៤ រួមមាន៖ ១. ចក្ខុវិស័យច្បាស់លាស់ ២. ការប្តេជ្ញាចិត្តខ្ពស់ ៣. ការចូលរួមដោយស្មោះត្រង់ និង ៤.ការលះបង់»។ សូមជម្រាបថា រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មនៃការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament) យ៉ាងសកម្មនិងជាក់លាក់៕