សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ អតីតសមាជិកព្រឹទ្ធសភា និងជាទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយ ជរាពាធ។
ក្នុងបរិយាកាសដ៏សែនវិយោគសោកស្តាយអាឡោះអាល័យជាពន់ពេកនេះ សម្តេចរដ្ឋសភាធិបតី សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ស្វាមីជាទីគោរពស្រឡាញ់ ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការរួមចំណែកដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវស្នាដៃ និងសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនឥតគណនា ស្របតាមស្មារតី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។ ទោះបីរូបកាយ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកិត្តិយស កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ សេចក្តីថ្លៃថ្នូរ ភាពអំណត់តស៊ូ នឹងនៅស្ថិតស្ថេរក្នុងដួងចិត្តកូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់គ្នាជានិច្ចនិរន្តរ៍ ។
សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះលេខ ៨៩១ផ្លូវលេខ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
សម្តេចរដ្ឋសភាធិបតី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕