សម្តេចរដ្ឋសភាធិបតី៖ នៅក្នុងនីតិកាលទី៧នេះ ការទូតសភាជាការងារអាទិភាពមួយរបស់រដ្ឋសភា និងដើរតួនាទីស្របជាមួយ នឹងស្ថាប័នព្រឹទ្ធសភា

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧នេះ ការទូតសភាជាការងារអាទិភាពមួយរបស់រដ្ឋសភា និងដើរតួនាទីស្របជាមួយនឹងស្ថាប័នព្រឹទ្ធសភាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីចូលរួមជំរុញតួនាទីរបស់កម្ពុជា ជាពិសេសសភាកម្ពុជាក្នុងទំនាក់ទំនងការទូតសភាដែលកាន់តែមានភាពសំខាន់ក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព ឆ្លើយតប នឹងបញ្ហាប្រឈមនានា និងបង្កើនទំនាក់ទំនងរវាងប្រជាជាតិដោយយកប្រជាជនជាស្នូល។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» នាអគាររដ្ឋបាលថ្មី នៃវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥

ដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ មកពីស្ថាប័នពាក់ព័ន្ធមានសមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាដើម។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា តម្រូវការ បន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាអ្នកដឹកនាំសកល ដើម្បីឆ្លើយតបទៅនឹងពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើងដោយសារការកើនឡើងនូវភាពតានតឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែងចែកមនោគមវិជ្ជា គឺទាមទារចាំបាច់ឱ្យមានការចូលរួមនិងការ បំពេញគ្នាទៅវិញទៅមករវាងការទូតរាជរដ្ឋាភិបាល ការទូត សភា ការទូតគណបក្សនយោបាយ និងការទូតប្រជាជន ដើម្បីជំរុញកិច្ចសន្ទនា ជំនឿ ទុកចិត្ត និងសន្តិភាព។ ជាមួយគ្នានេះ ការប្រកាន់យកវិធីសាស្ត្រនិយមកណ្តាល ទាំងថ្នាក់ជាតិ និងអន្តរជាតិ គឺមានសារៈសំខាន់ក្នុងការស្តារនូវទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ និងមិត្តភាពស្មោះត្រង់។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបានបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី ទាំងក្នុងផ្នែកនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។ តាមរយៈ ទំនាក់ទំនងទ្វេភាគី កម្ពុជាបានពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយបណ្តា ប្រទេសដៃគូសំខាន់ៗ ដើម្បីជំរុញកិច្ចពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហការ ផ្នែកវប្បធម៌ បច្ចេកវិទ្យា និងសន្តិសុខ។ ជាមួយគ្នានេះ ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាថ្នាក់តំបន់ និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ បានជួយកម្ពុជាឱ្យមានសំឡេង និងឥទ្ធិពលលើឆាកអន្តរជាតិ។

នៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់បន្តថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ សភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដោយបានអនុម័តនូវធម្មនុញ្ញសន្តិភាពសាកល ដែលជាគំនិតផ្តួចផ្តើមផ្តោតលើសន្តិភាព និងភាពអត់ឱនជាសាកល។ ធម្មនុញ្ញសន្តិភាពសាកលនេះ ទទួលបានការគាំទ្រពីសភាទូទាំងពិភពលោកជិត ៥០ ប្រទេស និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអភិបាលកិច្ចកណ្តាល និងគោលនយោបាយការបរទេស។សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍គូសបញ្ជាក់ថា រដ្ឋសភាក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ បាននិងកំពុងពួតដៃជាមួយគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ សិក្ខាសាលា និងវេទិកាសន្ទនាផ្សេងៗ ដើម្បីប្រមូលនិងផ្តល់នូវធាតុចូល មតិយោបល់ និង អនុសាសន៍សម្រាប់គោលនយោបាយ យុទ្ធសាស្ត្រ និងការឆ្លើយតប ទៅនឹងបញ្ហាប្រឈមទាំងឡាយប្រកបដោយប្រសិទ្ធភាព និងជាផល ប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូល។លើសពីនេះ សមត្ថភាពនិងវិជ្ជាជីវៈ របស់អ្នកការទូតកម្ពុជាយើងក៏ត្រូវបានពង្រឹង និងបន្តលើកកម្ពស់ និងរីកចម្រើនជាលំដាប់។

តាមសុន្ទរកថាដ៏មានអត្ថន័យរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនថា នាដើមខែមិនាថ្មីៗនេះ ក្នុងសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្រសួងការបរទេសបានសម្រេច ពិនិត្យ និងរៀបចំឡើងវិញនូវការងារធំៗទាំងឡាយដែលចាប់តាំងពីឆ្នាំ២០១៨មក បានបម្រើជាមគ្គុទ្ទេសន៍សម្រាប់ការងារការទូតរបស់យើង។ ការរៀបចំឡើងវិញនេះត្រូវបាន សម្តេច ធិបតីនាយករដ្ឋមន្ត្រី គាំទ្រ លើកទឹកចិត្ត និងផ្តល់អនុសាសន៍បន្ថែម ដើម្បីការពារដោយ ម៉ឺងម៉ាត់បំផុតនូវអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យនយោបាយ ការពារនិងលើក ស្ទួយមុខមាត់កិត្យានុភាព ផលប្រយោជន៍គោលរបស់ជាតិ និងពលរដ្ឋកម្ពុជា។ អាទិភាព របស់ក្រសួងនឹងផ្តោតទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងការពង្រីក ទំនាក់ទំនងថែមទៀតជាមួយដៃគូថ្មីតាមទិសស្លោក «ពង្រីកមិត្តខាងក្រៅ កែទម្រង់ខាងក្នុង ដោយឈរលើស្មារតីឯករាជ្យ» និងដោយ «ប្រកាន់នយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ»។

តាមសន្ទរកថាស្វាគមន៍របស់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ គឺជាវេទិកាដ៏មានតម្លៃមួយ ដែលនឹងផ្តល់នូវមូលដ្ឋាន សំខាន់សម្រាប់ការធ្វើបច្ចុប្បន្នភាពគោលនយោបាយការបរទេស បង្កើតយុទ្ធសាស្ត្រ និងទិសដៅអនាគត ដើម្បីបន្តការរីកចម្រើន និងលើកកម្ពស់តួនាទីរបស់កម្ពុជា ក្នុងការរួម ចំណែកលើកស្ទួយសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក ចូលរួមដោយផ្ទាល់ ក្នុងការអនុវត្តឱ្យបានសម្រេច នូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តម សង្ឃឹម និងជឿជាក់ថា សិក្ខាសាលាថ្ងៃនេះនឹងបានស្តាប់នូវសមិទ្ធផលការទូតថ្មីៗរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយដែលមាន ឯកឧត្តម ប្រាក់ សុខុន ជាប្រមុខអ្នកការទូតដ៏ឆ្នើមក្នុងតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងសភាពការណ៍មួយ ដែលយើងទាំអស់គ្នាយល់ឃើញថា ជាភារកិច្ចដ៏ឧត្តុង្គឧត្តម សម្រាប់ធានាការពារនូវផលប្រយោជន៍ជាតិ ឯករាជ្យ ភាព បូរណភាពទឹកដី និងទប់ស្កាត់នូវអំពើទុច្ចរឹតទាំងឡាយ ដែលមានបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕