សម្តេចរដ្ឋសភាធិតី ឃួន សុដារី ៖ ដំណើរទស្សនកិច្ចមកកាន់ប្រទេសហុងគ្រី មិនត្រឹមជាការធ្វើដំណើរមកកាន់ផ្ទះមិត្តចាស់ប៉ុណ្ណោះទេ តែចំពេលពលរដ្ឋកម្ពុជាកំពុងសប្បាយរីករាយនិងស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ផងដែរ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារក្នុងពេលអាហារថ្ងៃត្រង់ជាមួយ ឯកឧត្តម អ៊ីស្តវ៉ាន យ៉ាកប (Istavan Jakab) អនុប្រធានរដ្ឋសភានៃប្រទេសហុងគ្រី នៅរដ្ឋធានីប៊ុយដាប៉ែស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងឱកាសសម្តេចបានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅក្នុងប្រទេសហុងគ្រី រយៈពេល៤ថ្ងៃ។

សម្តេចរដ្ឋសភាធិបតី បានជម្រាបឯកឧត្តមអ៊ីស្តវ៉ាន យ៉ាកប ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់ប្រទេសហុងគ្រី នៅពេលនេះ ជាពេលវេលាមួយដែលគណៈប្រតិភូមានក្តីសប្បាយរីករាយយ៉ាងក្រៃលែងបំផុត។ សម្តេចបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនេះ ក្រៅពីជាឱកាសដ៏ល្អក្នុងការរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយមិត្តចាស់ មិត្តដែលបានជួយគ្នាក្នុងគ្រាលំបាកហើយនោះ នៅថ្ងៃទី២៦ ខែតុលានេះ ប្រជាពលរដ្ឋកម្ពុជាទំាងមូលក៏ដូចជាគណៈប្រតិភូទំាងអស់ មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលរាជ    រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី ប្រទេសថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្រោមវត្តមានរបស់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ក្រោយប្រទេសទំាងពីរមានជម្លោះព្រំដែនជាមួយគ្នា ចុងក្រោយនេះចាប់ពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥

មក ។ 

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាសន្តិភាពនេះមានតម្លៃខ្ពស់បំផុត ដែលមិនសម្រាប់ពលរដ្ឋខ្មែរទំាងកម្ពុជានិងថៃប៉ុណ្ណោះទេតែសម្រាប់តំបន់និងសកលលោកទំាងមូល។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរណាស់ហើយ។ ដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាមកកាន់ប្រទេសហុងគ្រីនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយ ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល។ ទំនាក់ទំនាក់ប្រទេសទំាងពីរមានលក្ខណៈប្រវត្តិសាស្រ្តដោយសារការជឿជាក់ និងគោរពនិងផ្តល់តម្លៃគ្នាទៅវិញទៅមក នឹងឈានដល់ខួប៧០ឆ្នាំនៅក្នុងឆ្នាំ២០២៦ខាងមុខនេះ។ 

សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរកត់សម្គាល់របស់ប្រទេសហុងគ្រី ក្នុងរយៈពេលចុងក្រោយនេះ បានលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋ ហុងគ្រីមានជីវភាពធូរធារ និងស៊ីវិល័យ។ 

ឯកឧត្តមអ៊ីស្តវ៉ាន យ៉ាកប បានស្វាគមន៍យ់ាងកក់ក្តៅចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីនាពេលនេះ។ ឯកឧត្តមបានជម្រាបជូនសម្តេចនិងគណៈប្រតិភូពីសក្តានុពលសំខាន់ៗរបស់ប្រទេសហុងគ្រី ក្នុងនោះមានវិស័យ កសិកម្ម និងធនធានទឹកជាដើម។ ឯកឧត្តមបានគូសញ្ជាក់ថាហុងគ្រីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម។ បច្ចុប្បន្ននេះក្នុងចំណោមនិស្សិតកម្ពុជាដែលកំពុងសិក្សានៅហុងគ្រី មានមួយចំនួន បានកំពុងសិក្សាវិស័យកសិកម្មនេះ ដែរ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ មានសុទិដ្ឋិនិយមនិងការជឿជាក់យ៉ាងមុតមាំថាចំណងមិត្តកិច្ចសហប្រតិបត្តិការកម្ពុជា-ហុងគ្រីកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមកជាបន្ទាប់ ទំាងក្នុងស្ថាប័ននីតិប្បញ្ញត្តនិងនីតិប្រតិបត្តិ។ 

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើប្រទេសហុងគ្រី បង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានមកសិក្សានៅក្នុងប្រទេសហុងគ្រី។ ធនធានមនុស្សជាកក្កតាសំខាន់ក្នុងការចូលរួមចណែក អភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថានៅរដ្ឋសភាកម្ពុជាវិញ មានការយកចិត្តទុកជាខ្លំាងលើការសិក្សាជ្រាវស្រាវ។ រដ្ឋសភាមានគម្រោងបង្កើតអង្គភាពស្រាវជ្រាវមួយ ដើម្បីសិក្សាស្រាជ្រាវ លើវិស័យនានា ក្នុងការជួយដល់ការងាររបស់ថ្នាក់ដឹកនាំនិងសមាជិកសមាជិការដ្ឋសភា។ 

សម្តេចបានគូសបញ្ជាក់ថា អតីនិស្សិតកម្ពុជា ដែលបានសិក្សានៅប្រទេសហុងគ្រី កាលពីទសវត្សរ៍ឆ្នាំ៨០ មួយចំនួនបានកំពុងកាន់តួនាទីសំខាន់ៗ ក្នុងរាជរដ្ឋាភិបាល។ ចំណែកសម្តេចផ្ទាល់ ដែលជាអតីនិស្សិតបានសិក្សានៅក្នុងហុងគ្រីដែរនោះ ជាប្រធានរដ្ឋសភា។ លទ្ធផលដ៏ល្អសម្រាប់អតីតនិស្សិតកម្ពុជា ដែលបានសិក្សានៅប្រទេសហុងគ្រី ហើយបានក្លាយជាថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ នៅកម្ពុជានេះ គឺមោទនភាពមួយរបស់ប្រទេសហុងគ្រី ផងដែរ៕