សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារភៀសសឹកជាង ៨០០ គ្រួសារ ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា

 

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងដើម្បីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដែលរួមមាន ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមសភាជាតិនៃអ្នកនយោបាយស្ត្រី និងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ជូនដល់គ្រួសារភៀសសឹកជិត ៧០០ គ្រួសារ ក្នុងស្រុកក្រឡាញ់ និងស្រុកពួក ក្នុងខេត្តសៀមរាប ព្រមទាំងចាត់ចែងបញ្ជូនអំណោយជូនពលរដ្ឋភៀសសឹកជាង ២០០ គ្រួសារទៀត នៅខេត្តឧត្តរមានជ័យ។ 

ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ជនភៀសសឹកនៅខេត្តសៀមរាបនេះ ក៏មានវត្តមានអញ្ជើញចូលរួមអមដំណើរសម្ដេចប្រធានរដ្ឋសភាកម្ពុជា ពីសំណាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាបផងដែរ។ 

ក្នុងមនោសញ្ចេតនានឹករលឹក និងគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងឱកាសសំណេះសំណាលដ៏មានអត្ថន័យនេះ សម្តេចប្រធានរដ្ឋសភា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នតាមជំរំ ដោយសារការរំលោភឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីពីសំណាក់ភាគីថៃ។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរំលេចថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបវិបត្តិសង្គ្រាម ដូចជានៅតំបន់មជ្ឈិមបូព៌ា សន្តិភាពគឺជាទ្រព្យដ៏មានតម្លៃបំផុត។ សម្តេចបានបញ្ជាក់ថា ទោះបីជាការរស់នៅបណ្តោះអាសន្នក្នុងជំរំមានការលំបាក ប៉ុន្តែវាមានសុវត្ថិភាពជាងការប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ដែលប្រមុខថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាគ្រប់រូប តែងយកចិត្តទុកដាក់គិតគូរ និងកំណត់ជាអាទិភាពខ្ពស់បំផុត។ ឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា ក្រោយមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចប្រធានរដ្ឋសភាកម្ពុជាបានជម្រាបជូនពលរដ្ឋអំពីយន្តការដោះស្រាយដោយសន្តិវិធី ដោយរាជរដ្ឋាភិបាលកំពុងប្រើប្រាស់យន្តការ “ស្ងាត់តែមិនស្ងៀម” តាមរយ:វិធីសាស្ត្រការទូតឆ្លាតវៃ ទន់ភ្លន់ និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយជម្លោះ និងបញ្ហាការដាក់រាយបន្លាលួស និងកុងតឺន័រក្នុងដែនអធិបតេយ្យកម្ពុជា ដើម្បីឱ្យពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញក្នុងពេលឆាប់ៗខាងមុខ។ 

សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃ “ជំនឿចិត្ត និងសាមគ្គីភាព” ដោយសម្ដេចបានមានប្រសាសន៍ថា៖ «ក្នុងកាលៈទេសៈនេះ ការជឿជាក់លើរាជរដ្ឋាភិបាល និងការរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុត ដើម្បីបង្កើនភាពខ្លាំង និងភាពធន់របស់ជាតិ តតាំងទៅនឹងសត្រូវឈ្លានពាន។ 

ជាមួយគ្នានេះ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា សម្តេចបានសង្កត់ធ្ងន់ថា ស្រ្តីគឺជាអ្នករងគ្រោះខ្លាំងជាងគេនៅពេលមានសង្គ្រាម ដូច្នេះការរក្សាសន្តិភាពគឺជាការការពារសិទ្ធិ និងតម្លៃរបស់ស្ត្រី។ ក្នុងអង្គពិធីក៏បានប្រារព្ធពិធីស្មឹងស្មាធ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងដឹងគុណយ៉ាងជ្រាលជ្រៅដល់វីរយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារមាតុភូមិ។ 

សូមរំលឹកថា អំណោយមនុស្សធម៌ដែលចែកជូនដល់គ្រួសារភៀសសឹកទាំងនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប សរុបចំនួន ៨៣៦ គ្រួសារ នៅថ្ងៃនេះ គឺជាអំណោយមូលនិធិរដ្ឋសភា និងអំណោយផ្ទាល់ខ្លួនរបស់សម្ដេចប្រធានរដ្ឋសភាដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ, ទឹកបរិសុទ្ធ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, សារុង និងថវិកាសម្រាប់ជនភៀសសឹកនៅខេត្តសៀមរាបមួយគ្រួសារទទួលបានថវិកាចំនួន ៨ ម៉ឺនរៀល និងនៅខេត្តឧត្តរមានជ័យមួយគ្រួសារទទួលបានថវិកាចំនួន ៥ ម៉ឺនរៀល។ 

ក្រៅពីពលរដ្ឋជាជនភៀសសឹក សម្ដេចប្រធានរដ្ឋសភាក៏បានឧបត្ថម្ភដល់កម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ, ក្រុមគ្រូពេទ្យ, យុវជនស្ម័គ្រចិត្ត ស.ស.យ.ក និងយុវជនកាយឫទ្ធិនូវថវិកាមួយចំនួន។ ដោយឡែក ស្រ្តីមានផ្ទៃពោះដែលសម្រាលកូនចំថ្ងៃកម្មវិធី ក៏ទទួលបាននូវថវិកាឧបត្ថម្ភបន្ថែមចំនួន ១ លានរៀល ពីសម្ដេចផងដែរ។ 

ទន្ទឹមនឹងនោះ ក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជន រួមមាន៖

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា៖ ថវិកា ២០ លានរៀល និងអាល់កុល ២២៨០ លីត្រ ក្រុមសភាជាតិនៃអ្នកនយោបាយស្ត្រី ដឹកនាំដោយ លោកជំទាវ ឡោក ខេង៖ ថវិកា ២៥ លានរៀល និងសមាគមសមាធិអន្តរជាតិព្រះពុទ្ធសាសនា ដឹកនាំដោយព្រះគ្រូរ៉ូម៉ា៖ ថវិកា ២០ លានរៀល៕